ឥណ្ឌូណេស៊ីកំណត់គោលដៅគ្រប់គ្រងកាកសំណល់ឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០២៩
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសអំពីវិធានការដើម្បីសម្រេចបាននូវការគ្រប់គ្រងកាកសំណល់ឱ្យបានពេញលេញនៅត្រឹមឆ្នាំ២០២៩ ដែលជាគោលដៅសំខាន់មួយនៅក្រោមផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមឆ្នាំ២០២៥-២០២៩ របស់ប្រទេសឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូណេស៊ី លោក ហានីហ្វ ហ្វៃសុល នូរ៉ូហ្វីក (Hanif Faisol Nurofiq) បាននិយាយថា វិធានការចម្បងដើម្បីសម្រេចបានគោលដៅនេះ គឺការបិទកន្លែងចាក់សំរាមដែលនៅតែដំណើរការជាមួយនឹងប្រព័ន្ធចាក់សំរាមបើកចំហ។ កន្លែងចាក់សំរាមបែបនេះសរុបចំនួន ៣៤៣កន្លែង ត្រូវបានគេរំពឹងថានឹងត្រូវបិទ ដោយនៅក្នុងនោះ ៣៧កន្លែងជាគោលដៅសម្រាប់ការបិទនៅក្នុងដំណាក់កាលដំបូងដែលមានរយៈពេលប្រាំមួយខែ។
ប្រទេសឥណ្ឌូណេស៊ី ដំបូងឡើយមានបំណងសម្រេចបាននូវការគ្រប់គ្រងកាកសំណល់ឱ្យបាន ១០០% ត្រឹមឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ គោលដៅនេះត្រូវបានចាត់ទុកថាមិនអាចទៅរួចនោះទេ ដោយសារអត្រានៃការគ្រប់គ្រងកាកសំណល់នាពេលបច្ចុប្បន្នមានត្រឹមតែប្រហែល ៣៩% ប៉ុណ្ណោះ។
យោងតាមទិន្នន័យពីប្រព័ន្ធព័ត៌មានគ្រប់គ្រងកាកសំណល់ជាតិរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៤ តែមួយ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាកាកសំណល់ចំនួន ៣២,៦លានតោនដែលបានកើតចេញពី ៣០១ស្រុក និងទីក្រុង ជាមួយនឹងជាង ៤០% នៃកាកសំណល់ដែលនៅសល់មិនអាចគ្រប់គ្រងបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





