អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃទី១១ ខែមីនាថា ប៉ូលិសរបស់ប្រទេសហ្វីលីពីនបានអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមីនា (ម៉ោងក្នុងតំបន់) បន្ទាប់ពីលោកបានទៅដល់អាកាសយានដ្ឋានក្នុងរដ្ឋធានីម៉ានីល។ បច្ចុប្បន្ន អតីតមេដឹកនាំរូបនេះកំពុងស្ថិតក្នុងការឃុំឃាំង។
យោងតាមការិយាល័យប្រធានាធិបតី បានឱ្យដឹងថា ការិយាល័យប៉ូលិសអន្តរជាតិ (Interpol) នៅទីក្រុងម៉ានីល បានទទួលច្បាប់ចម្លងជាផ្លូវការនៃដីកាចាប់ខ្លួនពីតុលាការ ICC។
ប៉ូលិសជាតិហ្វីលីពីនបានអនុវត្តដីកាចាប់ខ្លួនរបស់តុលាការ ICC ប្រឆាំងនឹងលោក ឌូទើតេ ពាក់ព័ន្ធនឹងគោលនយោបាយដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងពេលកំពុងកាន់តំណែង ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។
អតីតមេធាវីរបស់លោក ឌូទើតេ បាននិយាយថា ដីកាចាប់ខ្លួននេះ គឺខុសច្បាប់ ដោយសារតែអតីតប្រធានាធិបតីមិនមានតំណាងស្របច្បាប់នៅពេលចាប់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





