រដ្ឋសភាជាតិឡាវនឹងបើកសម័យប្រជុំវិសាមញ្ញស្តីពីបញ្ហាសំខាន់ៗ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាតិឡាវបានប្រកាសកាលពីថ្ងៃទី១១ ខែមីនាថា រដ្ឋសភាជាតិឡាវនីតិកាលទី៩ នឹងបើកសម័យប្រជុំវិសាមញ្ញលើកទី២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ដើម្បីពិភាក្សាអំពីបញ្ហាជាតិសំខាន់ៗមួយចំនួន។
នៅក្នុងសម័យប្រជុំនោះ តំណាងរាស្រ្តគ្រោងនឹងពិភាក្សា និងអនុម័តទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីអភិបាលកិច្ចមូលដ្ឋាន និងច្បាប់ស្តីពីមន្ត្រីរាជការ។ ពួកគេក៏នឹងពិនិត្យមើលទៅលើរចនាសម្ព័ន្ធស្ថាប័នរបស់រដ្ឋាភិបាលផងដែរ។
លើសពីនេះទៀត សម័យប្រជុំនោះនឹងលើកយករបាយការណ៍ស៊ើបអង្កេត ស្តីពីគោលនយោបាយពិសេសសម្រាប់អ្នកវិនិយោគក្នុងវិស័យឧស្សាហកម្ម។
រដ្ឋសភាជាតិឡាវក៏នឹងពិនិត្យមើលទៅលើចំណុចសំខាន់ៗមួយចំនួន ដែលរួមមានការអនុម័តរបាយការណ៍កែលម្អអភិបាលកិច្ចសាធារណៈឆ្នាំ២០២៥ វិសោធនកម្មច្បាប់អភិបាលកិច្ចមូលដ្ឋាន និងមន្ត្រីរាជការស៊ីវិល ការងាររដ្ឋបាលរបស់រដ្ឋាភិបាល និងរបាយការណ៍ស៊ើបអង្កេតលើគោលនយោបាយពិសេសសម្រាប់អ្នកវិនិយោគវិស័យឧស្សាហកម្ម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





