ឡាវ និងថៃ ខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- តំណាងមកពីរដ្ឋាភិបាលឡាវ និងថៃ បានជួបប្រជុំគ្នានៅរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំដែលបានធ្វើឡើងចាប់ពីថ្ងៃទី១១-១២ ខែមីនានោះ ផ្តោតសំខាន់ទៅលើការចែករំលែកព័ត៌មានស្តីពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្ស ដែលរួមមានកិច្ចការពារជនរងគ្រោះ ការធ្វើមាតុភូមិនិវត្តន៍ និងការគាំទ្រក្រោយការធ្វើមាតុភូមិនិវត្តន៍។
នៅក្នុងជំនួបនោះ អ្នកចូលរួមបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហការក្នុងការត្រួតពិនិត្យសកម្មភាពជួញដូរមនុស្ស និងធានាដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។ នេះបើយោងតាមវិទ្យុជាតិឡាវបានចេញផ្សាយ។
កិច្ចប្រជុំនោះក៏បានពិនិត្យមើលទៅលើកិច្ចសហប្រតិបត្តិការកន្លងមក ដោយផ្តល់ព័ត៌មានថ្មីៗស្តីពីការគាំទ្រផ្នែកច្បាប់ និងសំណងជនរងគ្រោះផងដែរ។ លើសពីនេះទៀត ប្រទេសទាំងពីរបានពិនិត្យមើលឡើងវិញនូវផែនការសកម្មភាពរបស់ពួកគេសម្រាប់ឆ្នាំ២០២៣-២០២៥ ហើយបានចាប់ផ្តើមរៀបចំផែនការដំណាក់កាលបន្ទាប់នៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០២៨៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





