សិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម ឃឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាប់ពីក្រុមការងារថ្នាក់ខេត្តបានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ក្នុងភូមិសាស្ត្រក្រុង ស្រុកទាំងអស់នាពេលកន្លងមកនេះ ដោយសិក្ខាសាលានេះមានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរងគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ សមាជិក-សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឃឹម ជុង បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងវាយតម្លៃ និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តបន្ទាយមានជ័យ ព្រមទាំងកំណត់នូវបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីធានាបាននូវនិរន្តរភាពនៃការងារនេះ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទឱ្យកាន់តែមានភាពប្រសើរថែមទៀតនោះ។

ទន្ទឹមនោះដែរ លោក ឃ្លោក នួយ បានមានប្រសាសន៍លើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តបន្ទាយមានជ័យលើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ការផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព និងអនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រេចបាននូវគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តនេះ៕


ដោយ ឈុន សារ៉ាត





