ច្រាំងស្ទឹងសង្កែក្លាយជាចម្ការបន្លែដែលកសិករអាចរកប្រាក់ចំណូលបាននារដូវទឹកស្រក
AKP បាត់ដំបង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- ចម្ការបន្លែខៀវស្រងាត់នៅលើជម្រាលច្រាំងមិនត្រឹមតែជួយលើកសម្រស់ស្ទឹងសង្កែឱ្យមើលទៅត្រជាក់ភ្នែកពេលដែលអ្នកទេសចរជិះទូកកម្សាន្តប៉ុណ្ណោះទេ តែបន្លែទាំងនោះក៏ជាប្រភពចំណូលបន្ទាប់បន្សំរបស់អ្នកស្រុករស់នៅសងខាងស្ទឹងនេះផងដែរ។ ស្ទឹងសង្កែក្នុងខេត្តបាត់ដំបងមានស្ថានភាពបត់បែនទៅតាមលំនាំធម្មជាតិ និងមានលក្ខណៈអំណោយផលសម្រាប់ការដាំន្លែរយៈពេលខ្លី។ ចំណុចដែលបត់បែននោះតែងតែមានច្រាំងស្ទឹងម្ខាងបាក់ ឯម្ខាងទៀតច្រាំងស្ទឹងមានភាពទេរាបស្មើគឺដែលអាចឱ្យប្រជាពលរដ្ឋប្រកបមុខរបរដាំបន្លែយ៉ាងងាយស្រួល។ នៅរដូវប្រាំងទឹកស្រក ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ពិសេសគឺនៅត្រង់ចំណុចដែលច្រាំងស្ទឹងមានផ្ទៃរាបស្មើល្អ បានដាំដំណាំរួមផ្សំ និងបន្លែបង្ការគ្រប់ប្រភេទ ដោយពុំមានការព្រួយបារម្ភអំពីកង្វះខាតទឹកនោះឡើយ។

លោកអ៊ំ ម៉ឺន សឿន មានអាយុ ៧៨ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា ក្រុមគ្រួសារនិងកូនចៅរបស់លោកអ៊ំ តែងតែដាំបន្លែបង្ការគ្រប់មុខនៅលើដីច្រាំងស្ទឹងសង្កែ។ ការដាំដុះនេះគឺអាចធ្វើបាននារដូវប្រាំងដែលទឹកស្ទឹងសង្កែស្រកប៉ុណ្ណោះ ពេលដែលឈានដល់រដូវវស្សា គឺលោកអ៊ំមិនអាចដាំដុះបានឡើយ ដោយសារតែទឹកស្ទឹងជន់ឡើងលុចច្រាំង។ ដីច្រាំងស្ទឹងសង្កែគឺមានជីជាតិខ្លាំង ព្រោះនៅពេលដែលទឹកជំនន់ឡើងមកគឺតែងតែនាំមកនៅដីល្បាប់មកជាមួយ ដូច្នេះធ្វើឱ្យដីនេះមានភាពល្អប្រសើរក្នុងការដាំដំណាំ ហើយក៏ហុចផលបានយ៉ាងល្អ។

លោកអ៊ំបានរៀបរាប់ថា ដំបូងឡើយលោកអ៊ំដាំគ្រាន់តែសម្រាប់ទទួលទានក្នុងក្រុមគ្រួសារប៉ុណ្ណោះព្រោះមិនប្រើជី និងថ្នាំគីមីប៉ះពាល់សុខភាព ហើយមានអ្នកមកសុំចែកទិញលោកអ៊ំក៏ពង្រីកការដាំបន្ថែមនូវបន្លែច្រើនមុខទៀត។ សព្វថ្ងៃកូនប្រុសរបស់លោកអ៊ំបានប្រើប្រាស់គោយន្តដើម្បីភ្ជួររាស់ដី ដើម្បីដាំបន្លែបង្ការផ្សេងៗ ដូចជាសណ្ដែកគួរ ម្ទេស ផ្កាស្ពៃ និងខាត់ណាជាដើម។ ផលដំណាំទាំងនេះមានអ្នកមកប្រមូលទិញទៅលក់បន្តនៅផ្សារឯក្រុង តាមរយៈចំណូលនេះវាអាចលើកស្ទួយ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារអ៊ំបានមួយកម្រិត។ បន្លែខ្លះលក់មិនបានតម្លៃខ្ពស់នៅលើទីផ្សារ តែក៏មិនចំណាយដើមទុនដែរព្រោះប្រើតែជីលាមកគោនិងថែទាំប៉ុណ្ណោះ។ បន្លែភាគច្រើនដែលលោកអ៊ំដាំគឺជាបន្លែប្តូរវេនឆ្លាស់គ្នា ដែលអាចលក់បានបន្តបន្ទាប់ និងផ្តល់ប្រាក់ចំណូលចាប់ពី៦០ម៉ឺនទៅ១លានរៀលក្នុង១សប្តាហ៍។

បច្ចុប្បន្នមិនមែនមានតែគ្រួសារលោកអ៊ំប៉ុណ្ណោះទេ គឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងៗទៀតបានប្រកបមុខរបរដូចគ្នា ពិសេសអ្នកដែលរស់នៅត្រង់ចំណុចច្រាំងស្ទឹងរាបស្មើ។ ទោះជានៅរដូវប្រាំងក្តៅហួតហែងក៏ដោយ ដោយសារតែចម្ការបន្លែរបស់អ្នកភូមិសងខាងស្ទឹងបានធ្វើឱ្យមានទិដ្ឋភាពខៀវស្រងាត់តាមដងស្ទឹងដែលបត់បែនគួរឱ្យចង់គយគន់ អមជាមួយនឹងស្ពានយោលមួយខ្សែរត់កាត់លើដងស្ទឹងដែលអ្នកទេសចរតែងជួលទូកជិះកម្សាន្តពេលរសៀល៕


ដោយ សុផល





