ពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅអនុវិទ្យាល័យ និងបឋមសិក្សាព្រៃកន្លោង ក្នុងស្រុកពោធិ៍រៀង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- លោក ឌី គឹមឡេង តំណាងលោក យស ស៊ីណាត ប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍នៃការបើកបរដល់លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស នៅអនុវិទ្យាល័យ និងបឋមសិក្សាព្រៃកន្លោង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសរុបចំនួន៦៣៤នាក់ ស្រី៣១៧នាក់។

លោក ឌី គឹមឡេង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតពីសុវត្ថិភាពចរាចរណ៍ ដល់លោកគ្រូ អ្នកគ្រូ ពិសេសយុវជនកក្រក និង សិស្សានុសិស្ស ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។

សកម្មភាពអប់រំផ្សព្វផ្សាយនេះមានគោលបំណងអបរំផ្សព្វផ្សាយដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរមិនពាក់មួកសុវត្ថិភាព បើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយខ្វះការប្រុងប្រយ័ត្ន និងការបើកបរធ្វេសប្រហែស ជាពិសេសឱ្យយុវជនកាកបាទក្រហមកម្ពុជា អាចយកចំណេះដឹងនេះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួនបាន។

ទន្ទឹមនឹងនេះ លោក យស ស៊ីណាត ប្រធានគណៈកម្មាធិការអនុសាខាស្រុកពោធិ៍រៀង ព្រមទាំងសហការី យុវជនកាកបាទក្រហមកម្ពុជា និងក្រុមកាកបាទក្រហមឃុំ បាននាំយកសម្ភារ និងថវិកាផ្តល់ជូន គ្រួសារក្រីក្រចំនួន៨គ្រួសារនៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សូមជម្រាបជូនថា សម្ភារផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥ គ.ក មី១កេស ត្រីខ១យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥០.០០០រៀល៕

ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





