ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម សន សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 នៅព្រលានយន្តហោះអន្តរជាតិ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ពីគោលបំណងនៃការធ្វើសមយុទ្ធអនុលោមតាមគតិយុត្ត៤សំខាន់ ក្នុងនោះគតិយុត្តអន្តរជាតិមានពីរ៖ ១. អនុសញ្ញាស៊ីកាហ្គូឆ្នាំ១៩៤៤ ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលបានតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់មានការទទួលខុសត្រូវខ្ពស់ធានាលើសុវត្ថិភាពក្នុងការងារគ្រប់គ្រងគ្រោះអាសន្នតាមស្តង់ដារតែមួយ និង២. ផ្អែកទៅលើឧបសម្ព័ន្ធទី១៤របស់អាកាសចរណ៍ស៊ីវិលអន្តរជាតិដែលមាន១៩៣ប្រទេស ដែលបានបង្កើតផែនការគ្រប់គ្រងគ្រោះអាសន្ន ហើយកម្ពុជាបានចូលជាសមាជិកអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅឆ្នាំ១៩៥៦។ ដោយអនុលោមទៅតាមគតិយុត្តទាំងពីរខាងលើ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្កើតនូវបទដ្ឋានបច្ចេកទេសអាកាសចរណ៍ស៊ីវិលកម្ពុជា តម្រូវឱ្យប្រតិបត្តិកររៀបចំផែនការគ្រប់គ្រងគ្រោះអាសន្ននេះនៅតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗតាមគោលការណ៍ណែនាំគតិយុត្តមាន២៖ ១. ដោយសារតែការធ្លាក់យន្តហោះមិនអាចកំណត់ទីតាំងបាន ពេលខ្លះមានបញ្ហាក្នុងអាកាសយានដ្ឋាន និងក្រៅអាកាសយានដ្ឋាន ដើម្បីធានាបាននូវការគ្រប់គ្រងគ្រោះអាសន្នឪ្យបានកាន់តែល្អ រាជរដ្ឋា ភិបាលបានចេញចរាចរណ៍ណែនាំលេខ ០៣សរណន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រង់គ្រងគ្រោះអាសន្ននៅក្នុង និងក្បែអាកាសយានដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត ដើម្បីបង្កើតយន្តការគ្រប់គ្រង និង២. ត្រូវគ្រប់គ្រងដឹកនាំធ្វើលំហាត់សមយុទ្ធ ហើយសមាសភាពដែលត្រូវចូលរួមមានដូចជា អភិបាលរាជធានី ខេត្ត ជាប្រធាន នាយកអាកាសយានដ្ឋាន ជាអនុប្រធានប្រចាំការ អនុប្រធាន និងសមាជិក។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គោលបំណងនៃការធ្វើលំហាត់សមយុទ្ធគឺជាការសាកល្បងទៅលើប្រសិទ្ធភាពនៃការចាត់តាំងផែនការគ្រោះអាសន្ន ពិនិត្យមើលការអនុវត្តធ្វើសមយុទ្ធតាមផែនការគ្រប់គ្រងគ្រោះអាសន្ន ជាពិសេសសមត្ថភាពឆ្លើយតបថាតើនៅពេលមានឧបទ្ទវហេតុកើតឡើង ប្រតិបត្តិករក្នុងអាកាសយានដ្ឋានគាត់បញ្ចេញអ្វីខ្លះ ដោយប្រកាសអាសន្ន ប្រតិបត្តិករចេញប្រតិបត្តិការក្នុងពេលតែមួយ ពិនិត្យទៅលើនីតិវិធីនៃការឆ្លើយតបរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋ បាលរាជធានី ខេត្ត ហើយលំហាត់សមយុទ្ធរបស់យើងនៅពេលនេះ មិនមានឧបសគ្គអ្វីទេ គឺគ្រប់គ្រងបានតាមផែនការដែលបានគ្រោងទុក។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ថា ទាក់ទងទៅនឹងការរៀបចំនៃកម្រិតសមយុទ្ធមាន៣កម្រិត៖ ទី១. សមយុទ្ធទ្រង់ទ្រាយតូចធ្វើលើតុអនុវត្តនូវរាល់៦ខែម្តង ២. ទ្រង់ទ្រាយមធ្យមអនុវត្ត១ឆ្នាំម្តង ៣.ទ្រង់ទ្រាយធំអនុវត្ត២ឆ្នាំម្តង។ ប្រធានបទធ្វើលំហាត់សមយុទ្ធ ត្រូវចែកជាពីរ គឺ គ្រោះថ្នាក់ទាក់ទងនឹងយន្តហោះផ្ទាល់ និងទាក់ទងនឹងសំណង់នៅក្នុងអាកាសយានដ្ឋាន មានដូចជា ការធ្លាក់ក្នុងអាកាសយានដ្ឋាន និងក្រៅអាកាសយានដ្ឋាន យន្តហោះមានគ្រោះអាសន្នក្នុងពេលហោះហើរ យន្តហោះមានគ្រោះអាសន្នពេលដឹកទំនិញ ឬត្រូវគំរាមកំហែងដោយគ្រាប់បែក និងអំពើភេរវកម្ម ។ល។ លំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានកម្លាំងចូលរួមសុរបចំនួន ២៩៣នាក់ ឡានពេទ្យចំនួន៥គ្រឿង ឡានទឹក៥គ្រឿង មកពី២៥ស្ថាប័ននៅជុំវិញខេត្ត៕


ដោយ ងូ សុមុនី





