រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤
AKP សៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំដង្ហែក្បួនដើម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដែលមានចំនួន៣អង្គភាព រួមមាន មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស និងផ្នែកវិស័យអប់រំ មានសាលាចំណេះទូទៅបចច្ចេកទេសពួក ស្រុកពួក និងសាលាមត្តេយ្យសិក្សាធនធានអង្គរ ក្រុងសៀមរាប ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេសផងដែរ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា ក្បួនដង្ហែនេះដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង៣ប្រចាំឆ្នាំ២០២៤របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លោកស្រីក៏បានចាត់ទុកថា នេះគឺជាទិវាប្រកបដោយអត្ថន័យជ្រាលជ្រៅ និងមានកិត្តិយសដ៏ថ្លៃថ្លា ដែលរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានអំណរសាទរក្រៃលែង ដែលបានរៀបចំពិធីអបអរសាទរពិធីដង្ហជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤៕


ដោយ ឃុត សៅ





