អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ៥៩៦៦ ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីភូមិស្នងមុំ ឃុំថ្មឥដ្ធ ដល់ភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថាផ្លូវដែលកំពុងបើកឱ្យដំណើរការសាងសង់នាពេលនេះមានប្រវែង ៥ ៩៦៦ ម៉ែត្រ ទទឹង ៦ម៉ែត្រជាផ្លូវក្រាលកៅស៊ូពីជាន់ប្រភេទ DBST ជាមួយនេះមានបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្ដោយខ្សែផ្លូវ រួមមានស្លាកសញ្ញាចរាចរណ៍ ៦៩ កន្លែង គំនូសអក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើជើងឆ្លងកាត់ចំនួន ៤ កន្លែងផងដែរ។

ទន្ទឹមនឹងនេះឯកឧត្ដមបានបន្តថា នេះជាគម្រោងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុស ពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឱ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទឱ្យល្អប្រសើរឡើងវិញ។ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទសម្រាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញកសិផលផ្សេងៗ លើកស្ទួយជីវភាព បង្កើនសោភ័ណ្ឌភាពទីប្រជុំជន ទីជនបទ និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ។

ក្នុងឱកាសបើកការដ្ឋានផ្លូវខាងលើនេះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ការសាងសង់ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាបនានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា លោក លោកស្រី និងក្រុមការងារ បានចែកវត្ថុអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ៕


ដោយ បៃ ស៊ីថុន





