ឯកឧត្តម ខាន់ ម៉ាណេ អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣១ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣១ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ មន្ត្រី PMU និង PIU តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (WACC)។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពផ្លូវនាពេលបច្ចុប្បន្ន រួមមានទីតាំងមួយចំនួនដែលបានកែសម្រួលរួចរាល់ និងទីតាំងមួយចំនួនទៀត ដែលមិនទាន់បានកែសម្រួលហើយ ព្រមទាំងពិភាក្សាអំពីទិសដៅការងារបន្តដែលក្រុមហ៊ុនត្រូវអនុវត្ត ធ្វើយ៉ាងណាឱ្យខ្សែផ្លូវមួយនេះមានលក្ខណៈត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តមនាយកគម្រោងបានចុះពិនិត្យទីតាំងគ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)





