មនុស្ស ៤០នាក់បានស្លាប់នៅរដូវវស្សាក្នុងប្រទេសបូលីវី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ និងទឹកជំនន់នៅក្នុងប្រទេសបូលីវីបានបណ្តាលឱ្យមនុស្ស ៤០នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតបាត់ខ្លួន ចាប់តាំងពីរដូវភ្លៀងប្រចាំឆ្នាំបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។
អនុរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល លោក ជ័ន កាឡុស កាល់វីម៉ុនតេស (Juan Carlos Calvimontes) បានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ទាប់ពីការរអិលបាក់ដីនៅក្នុងទីក្រុង ឡាប៉ាហ្ស ដោយបានបំផ្លាញផ្ទះចំនួន ៨០ខ្នងកាលពីព្រឹកថ្ងៃចន្ទ។
អាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសចេញទាំងស្រុងពីតំបន់រងគ្រោះដើម្បីជៀសវាងការបាត់បង់ជីវិតបន្ថែមទៀត និងបានជំរុញឱ្យប្រជាជនចាកចេញពីតំបន់ហាមឃាត់ដែលមានហានិភ័យនៃការបាក់ដីបន្ថែមទៀត។
គិតត្រឹមថ្ងៃអាទិត្យនេះ គ្រួសារចំនួន ១៦៣.១៩៣គ្រួសារត្រូវបានផ្លាស់ទីលំនៅ ឬគ្មានផ្ទះសម្បែង ដោយផ្ទះដែលរងការខូចខាតភាគច្រើនមានទីតាំងនៅក្នុងទីក្រុងឡាប៉ាហ្ស។ នេះបើយោងតាមរបាយការណ៍ការពារជនស៊ីវិលចុងក្រោយបង្អស់។
ចាប់តាំងពីខែវិច្ឆិកាមក ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងចំនួន១០៥កន្លែងដែលក្នុងនោះ ៣៧កន្លែងបានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





