តាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថានសហការគ្នាជំរុញស្ថិរភាពតំបន់ព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មាន Trend បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ចេញពីគណៈកម្មាធិការស្តីពីស្ថានភាពអាសន្ន និងការការពារជនស៊ីវិលនៃប្រទេសតាជីគីស្ថានថា ប្រទេសតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថានបានចុះហត្ថលេខាលើអនុស្សរណៈសម្រាប់ការអនុវត្តគម្រោងក្នុងគោលបំណងពង្រឹងស្ថិរភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
គម្រោងនេះពាក់ព័ន្ធនឹងការសាងសង់ជម្រកមួយ និងទីលានកីឡាចំនួន២ទីតាំង ដោយមានថវិកាចំនួន ៣លានអឺរ៉ូ (ប្រហែល ៣,២លានដុល្លារអាម៉េរិក) ហើយគណៈប្រតិភូសហភាពអឺរ៉ុបនៅប្រទេសតាហ្ស៊ីគីស្ថានជាអ្នកវិនិយោគ។ គោលបំណងចម្បងនៃគម្រោងគឺបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលអាចប្រើប្រាស់បានក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ។
គម្រោងនេះនឹងត្រូវបានអនុវត្តន៍នៅក្នុងតំបន់ Sughd នៃប្រទេសតាហ្ស៊ីគីស្ថាន ជាកន្លែងដែលជម្រកនឹងត្រូវបានសាងសង់ដោយប្រើបច្ចេកវិទ្យាទំនើប។ គ្រឿងបរិក្ខារទាំងនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបភ្លាមៗចំពោះភាពអាសន្ន ផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ និងផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនដែលមានសក្តានុពល។ នេះបើយោងតាមរបាយការណ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





