ជនចំណាកស្រុកចំនួន ៥៦៣នាក់បានស្ទាក់ចាប់នៅឆ្នេរសមុទ្រលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយកាលពីថ្ងៃចន្ទថា ជនចំណាកស្រុកចំនួន ៥៦៣នាក់ត្រូវបានស្ទាក់ចាប់នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី។
អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនចំណាកស្រុកចំនួន ៥៦៣នាក់ត្រូវបានស្ទាក់ចាប់ ហើយត្រឡប់ទៅប្រទេសលីប៊ីវិញ»។ អង្គការ IOM បានបន្ថែមថា ក្នុងចំណោមជនចំណាកស្រុកមានស្ត្រីចំនួន ៤៣នាក់ និងកុមារ ១២នាក់ ដោយអង្គការបានកត់សម្គាល់ឃើញថាសាកសពជនចំណាកស្រុកម្នាក់ត្រូវបានគេរកឃើញផងដែរ។
យោងតាមទិន្នន័យរបស់អង្គការ IOM បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជនចំណាកស្រុកសរុបចំនួន ៤.៧៦៧នាក់ត្រូវបានស្ទាក់ចាប់ និងត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលជនចំណាកស្រុកចំនួន ៨២នាក់បានស្លាប់ និង៥៨នាក់ផ្សេងទៀតបានបាត់ខ្លួននៅលើសមុទ្រមេឌីទែរ៉ានេ។
ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេសចាប់តាំងពីការដួលរលំនៃមេដឹកនាំ លោក ម៉ាមម៉ារ ហ្វាដដាហ្វី (Muammar Gaddafi)ក្នុងឆ្នាំ២០១១ មក ជនចំណាកស្រុកជាច្រើនដែលភាគច្រើនជាជនជាតិអាហ្វ្រិកបានជ្រើសរើសយកការធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ានេទៅកាន់សហភាពអឺរ៉ុបពីប្រទេសលីប៊ី។
រដ្ឋាភិបាលនៃការរួបរួមជាតិរបស់ប្រទេសលីប៊ីបានបដិសេធរបាយការណ៍ដែលចោទប្រកាន់ថា ប្រទេសលីប៊ីគ្រោងនឹងតាំងទីលំនៅថ្មីសម្រាប់ជនចំណាកស្រុកដែលគ្មានឯកសារនៅក្នុងប្រទេស ដោយរដ្ឋាភិបាលបាននិយាយថា របាយការណ៍នេះគឺ «មិនពិតទាំងស្រុង» ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ី លោក អេម៉ាដ អាល់ តារ៉ាប៊ែលស៊ី (Emad al-Tarabelsi) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្ររបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញការចាកចេញដោយស្ម័គ្រចិត្តរបស់ជនចំណាកស្រុកពីប្រទេសលីប៊ីទៅកាន់ប្រទេសកំណើតរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





