ករណីជំងឺអេបូឡាមានការកើនឡើងនៅអ៊ូហ្គង់ដា
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ប្រភពវេជ្ជសាស្ត្របានរាយការណ៍ក្នុងប្រទេសអ៊ូហ្គង់ដាកាលពីពេលថ្មីៗនេះថា ករណីជំងឺអេបូឡានៅក្នុងប្រទេសអ៊ូហ្គង់ដាបានកើនឡើងដល់ ១៤ករណី ជាមួយនឹងការលេចឡើងនៃការផ្ទុះថ្មីដែលបានសម្លាប់កុមារម្នាក់។
យោងតាមទិន្នន័យពីទីភ្នាក់ងារសុខភាពសាធារណៈ បានឱ្យដឹងថាករណីឆ្លងថ្មីចំនួន ៣នាក់ក្នុងចំណោម ៥នាក់ត្រូវបានបញ្ជាក់ថាជាករណីជំងឺអេបូឡា ហើយ ២នាក់ទៀតកំពុងរង់ចាំការបញ្ជាក់ ខណៈដែលមន្ទីរពេទ្យចំនួន៣ នៅក្នុងរដ្ឋធានីរបស់ប្រទេសនោះបានព្យាបាលករណីដែលត្រូវបានបញ្ជាក់ ឬសង្ស័យមួយចំនួនរួចហើយ។
ឥឡូវនេះ ជំងឺអេបូឡាកំពុងរីករាលដាលនៅក្នុងស្រុកចំនួន៥ក្នុងចំណោមស្រុកចំនួន១៤៦ របស់ប្រទេសអ៊ូហ្គង់ដា ដែលរួមមានទាំងទីក្រុងកាំប៉ាឡា ដែលជាកន្លែងមានការផ្ទុះឡើងកាលពីខែមករាផងដែរ។
ជំងឺអេបូឡា ជាជំងឺដែលឆ្លងរាលដាលដោយការប៉ះពាល់ជាមួយវត្ថុរាវក្នុងខ្លួនរបស់អ្នកឆ្លងមេរោគ ឬវត្ថុដែលមានមេរោគ ដែលបង្ហាញអាការៈដូចជាជំងឺគ្រុនធ្ងន់ធ្ងរ។
រោគសញ្ញានៃជំងឺអេបូឡារួមមាន អាការៈគ្រុនក្តៅ ក្អួត រាគ ឈឺសាច់ដុំហើយជួនកាលមានការហូរឈាមនៅខាងក្នុង និងខាងក្រៅផងដែរ។
ក្រៅពីប្រទេសអ៊ូហ្គង់ដា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមដែលមានមេរោគបានលេចឡើងនៅក្នុងទ្វីបអាហ្វ្រិក ដែលនៅក្នុងនោះមានដូចជាប្រទេសតង់ហ្សានី និងរវ៉ាន់ដាជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





