ប្រធានាធិបតីបេឡារុស្សនឹងបំពេញទស្សនកិច្ចនៅរុស្ស៊ី និងជួបពិភាក្សាជាមួយលោក ពូទីន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ប្រធានាធិបតីបេឡារុស្សលោក អេឡិចសាន់ដឺរ លូកាស្សិនកូ (Alexander Lukashenko) នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយសមភាគីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ នេះបើយោងតាមប្រភពពីការិយាល័យប្រធានាធិបតី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន BelTA បានឱ្យដឹងថា លោក លូកាស្សិនកូ នឹងទៅដល់ប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះរបស់លោក។ លោករំពឹងថានឹងជួបពិភាក្សាជាមួយលោក ពូទីន អំពីទិដ្ឋភាពផ្សេងគ្នានៃទំនាក់ទំនងទ្វេភាគី និងស្ថានភាពអន្តរជាតិ។
ប្រធានាធិបតីទាំងពីរក៏នឹងពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខក្នុងបរិបទនៃការការពារជាតិរបស់សហភាពរុស្ស៊ី និងបេឡារុស្សផងដែរ។
លោក លូកាស្សិនកូ និងលោក ពូទីន ធ្លាប់បានជួបពិភាក្សាគ្នានៅខាងក្រៅវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ី (EAEC) ដែលបានធ្វើឡើងនៅទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ីកាលពីចុងខែធ្នូឆ្នាំ២០២៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





