លោក វីតកូហ្វ រំពឹងថានឹងជួបជាមួយលោក ពូទីន នៅថ្ងៃទី១៣ ខែមីនា នៅទីក្រុងម៉ូស្គូ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ប្រេសិតពិសេសរបស់ប្រធានាធិបតីអាម៉េរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) រំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ស្អែកនេះ។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Axios លោក បារ៉ាក់ រ៉ាវីដ (Barak Ravid)។
លោកបានសរសេរនៅលើទំព័របណ្តាញសង្គមអ៊ិច (X) របស់លោកដែលជាប្រភពមួយបានបញ្ជាក់ថា «ការធ្វើដំណើរដែលបានគ្រោងទុករបស់លោក វីតកូហ្វ ទៅកាន់ទីក្រុងម៉ូស្គូនៅចុងសប្តាហ៍នេះ គឺសម្រាប់ការជួបជាមួយលោក ពូទីន» ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វានៅតែអាចមានការផ្លាស់ប្តូរបាន។
លោកបានសរសេរថា «កាលវិភាគបណ្តោះអាសន្នរបស់លោក វីតកូហ្វ គឺកាលពីថ្ងៃអង្គារបានជួបជាមួយប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ (Mohamed bin Zayed) នៅទីក្រុងអាប៊ុដាប៊ីថ្ងៃពុធនេះមានកិច្ចពិភាក្សាអំពីចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា នៅទីក្រុងដូហានិងជួបជាមួយនាយករដ្ឋមន្រ្តីកាតា ហើយថ្ងៃព្រហស្បតិ៍ស្អែកនេះ លោកនឹងមានកិច្ចប្រជុំដែលអាចធ្វើទៅបានជាមួយលោក ពូទីន នៅទីក្រុងម៉ូស្គូ»។
សេតវិមាន និងក្រសួងការបរទេសមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានតាសស៍ (TASS) ដើម្បីបញ្ជាក់អំពីព័ត៌មាននេះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





