រុស្ស៊ីបើកចំហសម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ប្រទេសរុស្ស៊ីនៅតែបើកចំហសម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ហើយចង់ឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនតាមរយៈការទូត។
គេហទំព័រ Bloomberg បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «រុស្ស៊ីបើកចំហសម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងសម្រាប់ការដោះស្រាយសន្តិភាពនៅអ៊ុយក្រែន ហើយយើងពិតជាចង់សម្រេចបាននូវគោលដៅរបស់យើងតាមរយៈមធ្យោបាយសន្តិភាព និងការទូត» ។
លោក ប៉េសកូវ បាននិយាយបន្ថែមថា «ប្រសិនបើថ្ងៃនេះ ឬថ្ងៃស្អែកមានការបង្ហាញថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា វានឹងក្លាយជារឿងមួយផ្សេង»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅពេលមុននេះថា លោកបានទទួលលិខិតពីលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) អំពីការត្រៀមខ្លួនរបស់ទីក្រុងគៀវសម្រាប់កិច្ចចរចាស្តីពីដំណោះស្រាយសន្តិភាពចំពោះជម្លោះនៅអ៊ុយក្រែន។ លិខិតនេះត្រូវបានផ្ញើបន្ទាប់ពីមានការជជែកគ្នាយ៉ាងតានតឹងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ដោយនៅទីបំផុត មេដឹកនាំអាម៉េរិករូបនោះបាននិយាយថា លោក ហ្សេលេនស្គី មិនគោរព និងមិនត្រៀមខ្លួនសម្រាប់សន្តិភាព។
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានអនុម័តទៅលើសេចក្តីសម្រេចមួយដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ដែលបានច្រានចោលកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





