សហរដ្ឋអាមេរិកកំពុងមានវឌ្ឍនភាពក្នុងកិច្ចចរចាជាមួយមន្ត្រីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- យោងតាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ម៉ៃស៍ វ៉ល (Mike Waltz) បាននិយាយថារដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន។
ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ា បានរាយការណ៍នៅពេលមុននេះថាក្រុមការងារមកពីសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានបញ្ចប់កិច្ចពិភាក្សាជុំទីមួយរបស់ពួកគេនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន។ អ្នកយកព័ត៌មានទូរទស្សន៍ CBS បានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) ថា កិច្ចពិភាក្សានោះនឹងត្រូវបានបន្ត។
កិច្ចពិភាក្សានោះបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងជេដដាជាមួយក្រុមការងារសហរដ្ឋអាមេរិកដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងលោក វ៉ល។ អ៊ុយក្រែនត្រូវបានតំណាងដោយប្រធានបុគ្គលិករបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) គឺលោក អេនដ្រេ យើម៉ាក (Andrey Yermak)រដ្ឋមន្ត្រីការបរទេស លោក អេនដ្រេ ស៊ីប៊ីហ្គា (Andrey Sybiga) និងរដ្ឋមន្ត្រីការពារជាតិ លោក រូស្ទែម យូម៉េរ៉ូវ (Rustem Umerov)។ យោងតាមសេចក្តីថ្លែងការណ៍ពីមុនរបស់ភាគីទាំងពីរ បានឱ្យដឹងថា បញ្ហានៅលើតុចរចាអាចរួមបញ្ចូលនូវកិច្ចព្រមព្រៀងរ៉ែ និងការបន្តការផ្គត់ផ្គង់សព្វាវុធរបស់អាម៉េរិកដល់អ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





