ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញគាំទ្រអាជ្ញាធររាជធានីភ្នំពេញលើការងារអនុវត្ដភូមិសង្កាត់ មានសុវត្ថិភាពបានល្អជូនប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ ឯកឧត្ដមប្រធានបានបញ្ជាក់គាំទ្របែបនេះនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានឯកឧត្ដម ឆាយ វីរៈអភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ រាល់បទល្មើសព្រហ្មទណ្ឌដែលបានកើតឡើងកងកម្លាំងរបស់យើងបង្ក្រាបបានស្ទើតែ១០០ភាគរយ។ បន្ថែមពីនេះ ឯកឧត្ដមក៏បានថ្លែងការកោតសរសើរផងដែរចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត សម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។

ឯកឧត្ដមប្រធានបានបន្តទៀតថា ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការឆ្លើយតបបានល្អប្រសើរ ជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street)។ ការងារទាំងពីរនេះពិតជាទទួលបាននូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា និងបានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ជួយធ្វើការ ផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យមកលេងនៅផ្លូវថ្មើរជើងនេះឱ្យកាន់តែបានច្រើនថែមទៀត បើទោះបីជាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះទទួលបានកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរជាតិ-អន្តរជាតិកើនឡើងយ៉ាងណាក៏ដោយ។

ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានអរគុណចំពោះការកោតសរសើរ ពីក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះកិច្ចការងារដែលរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តកន្លងមក និងបានបន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។
ចំណែកលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា នៅក្នុងខែកុម្ភៈឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌបានកើតមាន ៤៨លើក/៣៨លើក កើនឡើង ១០លើក ដោយបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន៤៦ករណី ឃាត់ខ្លួន៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀនបាន១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន៩៧នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន ៩ករណី ឃាត់ខ្លួន៨៣នាក់។ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញបានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី១៦លើក កត្តាមនុស្សដុតឱ្យឆេះ ៣លើក ប្រហែសភ្លើងទៀន-ធូប១លើក និងរថយន្តជាប់ហ្វ្រាំង១លើក៕
ដោយ សួស សំរិត





