ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលទៀតនៅអន្លង់កាំពី ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានរកឃើញកូនផ្សោតថ្មីមួយក្បាលទៀតទើបតែកើតនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ គឺគេបានរកឃើញកូនផ្សោតមួយក្បាលនេះបានកើតពីមេរបស់វាដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។

គួរបញ្ជាក់ថា ការរកឃើញកូនផ្សោតថ្មីមួយក្បាលនេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ សត្វផ្សោតទន្លេមេគង្គត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ដេប៉ូ





