ក្រុមប្រឹក្សាខេត្តតាកែវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្ត
AKP តាកែវ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥--នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ក្រុមប្រឹក្សាខេត្តបានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឡាយ សុខា សមាជិកក្រុមប្រឹក្សា បានលើកទឹកចិត្ត និងសម្ដែងការកោតសរសើរទៅដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលបានដឹកនាំអភិវឌ្ឍខេត្តតាកែវឱ្យមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានរៀបចំព្រឹត្តិការណ៍ថ្មីៗជាច្រើននៅក្នុងខេត្តតាកែវ ជាពិសេសការរៀបចំពិធីបុណ្យទន្លេ នៅបឹងតាកែវនាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ថ្មីៗជាច្រើន ដូចជាពិធីបុណ្យអុំទូក ការប្រណាំងកង់ជាដើម។ល។ព្រឹត្តិការណ៍ទាំងនេះបានធ្វើឱ្យមានការទាក់ទាញនូវចំណាប់អារម្មណ៍របស់បងប្អូនក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតនៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត បានមកចូលរួមលេងកម្សាន្ត ហើយព្រឹត្តិការណ៍បុណ្យទន្លេនៅពេលខាងមុខនេះ ដែលរដ្ឋបាលខេត្តតាកែវសហការជាមួយក្រសួងទេសចរណ៍ ពិតជានឹងលើកមុខមាត់ខេត្ត និងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើនឡើងថែមទៀតជាក់ជាពុំខាន។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្តតាកែវ និងខ្លួនខ្ញុំផ្ទាល់ កំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាអភិវឌ្ឍខេត្តតាកែវឱ្យកាន់តែរីកចម្រើនទៅមុខ។ ជាពិសេសគឺខិតខំកៀរគរក្រុមអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនក្នុងខេត្តតាកែវនេះកាន់តែច្រើនឡើងថែមទៀត ដើម្បីបង្កើតឱកាសការងារទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ជៀសវាងការធ្វើចំណាកស្រុក។ នៅពេលឆាប់ៗខាងមុខនេះខេត្តតាកែវនឹងរៀបចំពិធីបុណ្យទន្លេនៅបឹងតាកែវ ហើយប្រែក្លាយបុណ្យទន្លេនេះជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើនឡើងថែមទៀត ព្រោះវិស័យទេសចរណ៍វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកស្ទួយជីវភាព របស់បងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែធូរធារថែមទៀត ហើយប្រែក្លាយខេត្តតាកែវជាខេត្តដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរផង និងអ្នកវិនិយោគផងដែរ៕


ដោយ អ៊ុច សៀង





