ឯកឧត្តម សុត សឿង អញ្ជើញប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោកស្រី នួន មុន្នីចិន្ថា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា បងប្អូនតំណាងសហគមន៍ជនជាតិភាគតិចនិងសិស្សានុសិស្ស បានចូលរួមក្នុងពីធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយចំនួន០៥ភូមិរួមមាន៖ ភូមិសាលាវិស័យ ភូមិស្រែ ភូមិគគីរ ភូមិខ្មាក់ ឃុំសាលាវិស័យ និងភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានបញ្ជាក់ថា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ កំពុងគាំទ្រក្នុងការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តកំពង់ធំនិងខេត្តព្រះវិហារក្រោមជំនួយUNDPនៃគម្រោង"លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចក្នុងការកំណត់ស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចខេត្តកំពង់ធំនិងខេត្តព្រះវិហារ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន០៥ភូមិ នៅក្នុងខេត្តកំពង់ធំ និងកំពុងពិនិត្យលើឯកសារបំពេញបន្ថែម សហគមន៍០៥ទៀតនៅខេត្តព្រះវិហារ។ ដើម្បីឱ្យសហគមន៍ជនជាតិដើមភាគតិចទាំង០៥ភូមិ ដែលក្រសួងបានចេញសេចក្តីប្រកាសទទួលស្គាល់អត្តសញ្ញាណជាជនជាតិដើមភាគតិចដល់សមាជិកនិងអ្នកពាក់ព័ន្ធជាផ្លូវការអង្គការAFD ក្រោមជំនួយគាំទ្រពីSDC/IA-DCA, NPA រួមជាមួយអង្គការដៃគូ CIPO សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពីធីប្រកាសនៅថ្ងៃនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ ឯកឧត្តម សុត សឿង បានបញ្ជាក់ពីគោលបំណងគឺចូលរួមអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់និងភាសារបស់បងប្អូនជនជាតិដើមភាគតិច ដោយច្បាប់ជាតិនិងគោលនយោបាយជាតិជាពិសេសស្របតាមការម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការលើកកម្ពស់ការយល់ដឹងពីសិទ្ធិ សេដ្ឋកិច្ចសង្គមនិងវប្បធម៌ជនជាតិដើមភាគតិចនៅកម្ពុជា។លុបបំបាត់ទាំងស្រុងចំពោះការរើសអើងក្នុងសង្គម និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក៏ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អស្របទៅតាមចក្ចុវិស័យ៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ២០២៤ ដល់ ២០២៨ គឺការកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ឌីជីថលនិងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា លទ្ធផលរំពឹងទុកអត្តសញ្ញាណ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ជនជាតិដើមភាគតិចនិងប្រជាជនទូទៅ យល់ដឹង និងទទួលស្គាល់សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌កាន់តែទូលំទូលាយជាងមុន។ ជនជាតិដើមភាគតិចទាំងអស់មានការចូលរួមសម្រេចចិត្ត មានភាពជាម្ចាស់និងសិទ្ធិចូលរួមក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគេ។ សហគមន៍ជនជាតិដើមភាគតិចកួយចំនួន០៥សហគមន៍បានទទួលលិខិតទទួលស្គាល់អត្តសញ្ញាណជាសហគមន៍ជនជាតិដើមភាគតិចកួយ ស្របតាមច្បាប់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ ក្នុងការចាត់ចែងអញ្ជើញថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងស្រុក ឃុំ សហគមន៍គោលដៅ អង្គការ AFD និង CIPO ជាអ្នកជួយជ្រោមជ្រែងគាំទ្រដំណើរការនេះនិងត្រៀមរៀបចំថវិកាគាំទ្រស្របទៅតាមគោលនាយោបាយហិរញ្ញវត្ថុ ដែលក្នុងនោះថវិកាចូលរួមពី UNDP, SDC/IA-DCA, NPA ដែលគម្រោងកំពុងគាំទ្រក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច។ ការរៀបចំពិធីប្រកាសនេះនឹងរួមបញ្ចូលការសែនព្រេន របាំជនជាតិដើមភាគតិច ការតាំងផលិតផលរបស់សហគមន៍និងការថ្លែងសន្ទរកថា ពីមន្ទីរ អង្គការដៃគូ និងគណៈអធិបតី ដើម្បីបង្កើនការយល់ដឹងបន្ថែមពីសារប្រយោជន៍នៃអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ក្នុងខេត្តកំពង់ធំ។ចំណាប់អារម្មណ៍ និងការប្ដេជ្ញាតំណាងសហគមន៍ជនជាតិតាមភាគតិចកួយទាំង០៥ភូមិគឺ៖ ១. ចូលរួមអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនឯងក្នុងនាមជាជនជាតិដើមភាគតិច។ ២. បន្តជំរុញកូនចៅឱ្យទទួលបានការអប់រំរៀនសូត្រ ពេញមួយជីវិតនិងបង្រៀនកូនចៅពីចំណេះដឹងជនជាតិដើមភាគតិច ភាសា វប្បធម៌សិល្បៈដើម្បីពួកគេអាចក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយប្រសិទ្ធិភាពនាពេលអនាគត។ ៣. ចូលរួមយ៉ាងសកម្មនៅរាល់សកម្មភាពដំណើរការនៃមហារការអភិវឌ្ឍនិងអភិរក្សសហគមន៍ជនជាតិភាគតិច។ ៤. ស្នើសុំសាងសង់មជ្ឈមណ្ឌលតំណាងឱ្យវប្បធម៌ជនជាតិដើមភាគតិចកួយ។ ៥. ស្នើសុំអាជ្ញាធររដ្ឋបាលខេត្ត ស្រុក ឃុំនិងអង្គភាព ស្ថាប័នពាក់ព័ន្ធជួយការពារទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃសហគមន៍ ព្រៃលោកតា ព្រៃជំនឿ និងព្រៃកប់សព ដែលមានតាំងពីដូនតាមក និងមេត្តាជួយសម្របសម្រួល ដោះស្រាយបណ្តឹង របស់តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ។ ៦. ពន្លឿនការធ្វើកំណត់អត្តសញ្ញាណជូនដល់សហគមន៍ជនជាតិដើមភាគតិចដែលនៅសេសសល់ និង៧. បន្តការគាំទ្រផ្នែកបច្ចេកទេសផ្លូវច្បាប់ ការប្រឹក្សាយោបល់ និងថវិកាក្នុងដំណើរការអភិវឌ្ឍ និង អភិរក្សដល់សហគមន៍ជនជាតិដើមភាគតិចស្របតាមឆន្ទៈ របស់សហគមន៍ ប្រកបដោយចីរភាព៕

ដោយ ស៊ុម វណ្ណា





