ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចុះពិនិត្យផ្លូវចាស់ដែលបានកំពុងអ៊ុតកៅស៊ូ AC ជាថ្មី
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវចាស់ដែលបានកំពុងអ៊ុតកៅស៊ូ AC ជាថ្មីចាប់ពីចំណុចរង្វង់មូលអ្នកតាក្រហម ក ដល់គល់ស្ពានត្បូងចាម ក្នុងក្រុងស្ទឹងសែន ប្រវែង២៣០០ម៉ែត្រ ទទឹង៩ម៉ែត្រ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ផ្លូវនេះយើងបានអ៊ុតកៅស៊ូ AC បន្ថែមលើផ្លូវចាស់ដែលបានអ៊ុតកៅស៊ូ AC ម្តងរួចមកហើយ ដើម្បីធានាឱ្យបាននៅភាពធន់ និងប្រើប្រាស់បានយូរអង្វែងហើយក៏ជាផ្លូវដែលមមាញឹកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាជួយលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងសែនយើងផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការជំរុញដល់ក្រុមការងារបច្ចេកទេស ពិសេសក្រុមហ៊ុនម៉ៅកាស្ថាបនាផ្លូវនេះត្រូវពន្លឿនធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕


ដោយ ស៊ុម វណ្ណា





