ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៥៤នាក់ (នារី០៨នាក់) ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរនាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដាំផ្ញើដល់នាយ-នាយរងអាវុធហត្ថដែលទើបទទួល បានការផ្ទេរភារកិច្ច ផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋាន្តនរសក្តិថ្មី ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមការជឿទុកចិត្តរបស់ថ្នាក់លើដែលបានផ្តល់ជូន ត្រូវចេះគោរពវិន័យ មានវិន័យ ចេះគោរពផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកតាមឋានានុក្រម គោរពអនុវត្តច្បាប់ និងបទបញ្ជារបស់ថ្នាក់លើ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ។

ឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តទៀតថា មិនចំពោះតែបងប្អូនដែលទើបតែទទួលបានការផ្ទេរភារកិច្ចនិងមុខតំណែងថ្មីនៅពេលនេះទេ ទាំងនាយរងអាវុធហត្ថដែលកំពុងបម្រើការងារស្ថិតក្នុងក្របខ័ណ្ឌចាត់តាំងរួចហើយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពជំនាញ ស្រាវជ្រាវអំពីច្បាប់ វិន័យត្រូវស្គាល់អំពីតួនាទី/ភារកិច្ចរបស់ខ្លួនច្បាស់លាស់ ចៀសវាងលូកលាន់ការងារភារកិច្ចរបស់អ្នកដ៏ទៃ នាំទៅដល់ការថ្នាំងថ្នាក់ បែកបាក់សាមគ្គីភាពផ្ទៃក្នុង និងបានសង្កត់ធ្ងន់ថា សូមគ្រប់បណ្តាអង្គភាព មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ត្រូវខិតខំចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងការពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសគ្រប់រូបភាព ពិសេសបទល្មើសគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាការពារបាននូវសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រស់នៅសុខសាន្តក្នុងសុខសន្តិភាព។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រីបានជួបសំណេះសំណាលជាក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី ដើម្បីចូលរួមអបអសាទរ ជូនពរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ និងបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជាហូលបារាំងដល់អាវុធហត្ថនារីចំនួន១៥នាក់ ដោយក្នុងម្នាក់ទទួលបានហូលបារាំង០១ក្បិន និងថវិកា១០ម៉ឺនរៀលផងដែរ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះអាវុធហត្ថនារី ក៏ដូចជានាយ-នាយរងអាវុធហត្ថទាំងអស់ក្នុងការអបអរសាទរទខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ និងបានបញ្ជាក់ថាឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប ក្នុងការដោះស្រាយជីវភាព ស្នាក់នៅ រៀនសូត្រ ធ្វើការឱ្យកាន់តែ មានភាពរីកចម្រើនទៅមុខជាលំដាប់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ស៊ុម វណ្ណា





