ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូយោធាចារ្យជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូយោធាចារ្យជប៉ុន ដឹកនាំដោយលោកវរសេនីយ៍ទោ NAKAMU HIROHITO មេបញ្ជាករកងវិស្វកម្មទី៧ នៃកងពលតូចវិស្វកម្មលេខ៤ ក្រសួងការពារជាតិជប៉ុន ដែល បានអញ្ជើញចុះមកពិនិត្យទីតាំងត្រៀមវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ ក្រោមកម្មវិធីភាពជាដៃគូត្រីភាគី ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ខាងមុខ ដោយក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយពីក្រសួងការពារជាតិជប៉ុន សម្រាប់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាពិសេសជំនួយលើការងារហ្វឹកហ្វឺនដល់កងកម្លាំង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានលើកឡើងថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្នជប៉ុនបានផ្តល់វគ្គបំប៉នក្នុងប្រទេសសរុបចំនួន១២វគ្គ មានសិក្ខាកាមចំនួន២៦៥នាក់ លើជំនាញបច្ចេកទេសវិស្វកម្មសំណង់ស៊ីវិល និងវាស់ស្ទង់។ ដោយឡែកក្នុងអំឡុងពេល COVID-19 ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនតាមរយៈប្រព័ន្ធ Online ដល់គ្រូបង្គោលចំនួន៥នាក់ ហើយចំពោះវគ្គបំប៉នក្រៅប្រទេសមានសិក្ខាកាមសរុបចំនួន៧នាក់ សិក្សាលើវគ្គបំប៉នវិស្វកម្មសំណង់ផ្ដេក និងគ្រឿងផ្ទុះ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានសំណូមពរដល់ភាគីជប៉ុនផ្តល់ការហ្វឹកហ្វឺនរយៈពេល៥ឆ្នាំបន្តទៀតលើផ្នែកវាស់ស្ទង់តូប៉ូ សំណង់ផ្តេក-បញ្ឈរ។ បន្តផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជា តាមតថភាពជាក់ស្តែងនៃតំបន់បេសកកម្ម ដើម្បីពង្រឹងសមត្ថភាពមុននឹងចល័តដល់កងវិស្វកម្មកម្ពុជាសម្រាប់បេសកកម្មអង្គការសហប្រជាជាតិ។ សូមផ្តល់អាហាររូបករណ៍ដល់សិក្ខាកាមឆ្នើមក្រោមការហ្វឹកហ្វឺនរបស់យោធាចារ្យជប៉ុនឱ្យទៅបំប៉នបន្ថែមរយៈពេលខ្លី-មធ្យម នៅសាលាវិស្វកម្មនៃប្រទេជប៉ុន។ ផ្តល់ការហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញវាស់ស្ទង់ តាមរយៈម៉ាស៊ីនទំនើប និងការប្រើប្រាស់ Drone ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្នដែលមានភាពស្មុគស្មាញ និងសូមធ្វើការផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងចូលរួមក្នុងព្រឹត្តិការណ៍នានារួមគ្នា។

ក្នុងជំនួបនោះ លោកវរសេនីយ៍ទោ NAKAMU HIROHITO បានសម្តែងនូវការពេញចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាពិសេសលើការងារបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់កងកម្លាំងកម្ពុជា ដើម្បីពង្រឹងសមត្ថភាពមុននឹងចេញទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសមួយចំនួនដែលហែកហួរដោយសង្គ្រាម៕

ដោយ៖ ចាន់ សុភឿន





