នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំពីរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំពីរ (កម្ពុជា-ថៃ)។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យ បន្ទាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ចំពោះដំណើរនៃការបំពេញបេសកកម្មការទូតរបស់ឯកអគ្គរាជទូតថៃ ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមតាមរយៈបេសកកម្មការទូតនេះ នឹងជំរុញនូវទំនាក់ទំនងរវាង កម្ពុជា និងថៃ កាន់តែល្អប្រសើរ។ សម្ដេចតេជោបន្តថា មកដល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ បានឈានភាពជាដៃគូយុទ្ធសាស្ត្រ ដូច្នេះឆ្លងតាមបទពិសោធន៍កន្លងមក និងការបំពេញបេសកកម្មការទូតរបស់ឯកអគ្គរាជទូតថ្មីនៅពេលនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពី ដោយសាក្នុងឆ្នាំ២០២៥នេះ គឺជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានគូសរំលេច អំពីការរៀបចំសកម្មភាពនានារវាងភាគីទាំងពីរ កម្ពុជា-ថៃ ក្នុងគោលដៅដើម្បីអបអរសាទរក្នុងឱកសខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសសម្ដេចតេជោ ក៏បានរម្លឹកអំពីការរៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលជាបង្ហាញពីស្មារតីនៃការសាមគ្គី ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីការពេញចិត្ត ចំពោះទំហំពាណិជ្ជកម្មរវាប្រទេសទាំងពីរ(កម្ពុជា-ថៃ) ដែលនៅក្នុងឆ្នាំ២០២៤កន្លងមក គឺមានការកើនឡើងរហូតដល់ជាង ១០ពាន់លានដុល្លារអាម៉េរិក ដែលកាលពីឆ្នាំ២០២៣ មានតែជាង៨ពាន់លានដុល្លារអាម៉េរិក។ ដូច្នេះការកើនឡើងនេះ បានបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទាំងពីរ ទន្ទឹមនិងការដើរទៅជាមួយគ្នា នៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរកាន់តែល្អប្រសើរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជា ទស្សកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសថៃនាពេលកន្លងមក និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតថ្មីរបស់ប្រទេសថៃ បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រថៃ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងបានប្ដេជ្ញាថា ក្នុងការបំពេញបេសកកម្មជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើយ៉ាងណាពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ ជាពិសេសការកៀរគរអ្នកវិនិយោគរបស់ថៃ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង ក្នុងអាណត្តិការទូតរបស់ឯកឧត្ដមនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ជឹម ណារី





