ក្រុមហេបូឡាហ៍ប្តេជ្ញាបញ្ចប់វត្តមានអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- អគ្គលេខាធិការក្រុមហេបូឡាហ៍ លោក ណាអ៊ីម កាសសេម (Naim Qassem) បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា ក្រុមនេះនឹងមិនអនុញ្ញាតឱ្យមានវត្តមានរបស់អ៊ីស្រាអែលណាមួយនៅក្នុងភាគខាងត្បូងប្រទេសលីបង់នោះទេ ដោយលោកបានសង្កត់ធ្ងន់លើភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់ក្រុមហេបូឡាហ៍ចំពោះការការពារលើប្រទេសលីបង់។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ al-Manar TV លោក កាសសេម បានបង្ហើបថា ក្នុងអំឡុងកិច្ចព្រមព្រៀងឈប់បាញ់ ក្រុមហេសបូឡាហ៍បានបញ្ឈប់ប្រតិបត្តិការ ប៉ុន្តែរក្សាការត្រៀមលក្ខណៈយោធាពេញលេញ។
លោកបានបន្ថែមថា «ក្នុងរយៈពេល ៦០ថ្ងៃកន្លងមកនេះ អ៊ីស្រាអែលបានប្រព្រឹត្តការរំលោភបំពានជាច្រើន។ កិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់ថា អ៊ីស្រាអែលត្រូវតែដកថយឱ្យហួសពីទន្លេលីតានី» ។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អាវុធរបស់ក្រុមហេបូឡាហ៍មានសារៈសំខាន់ណាស់សម្រាប់ការប្រឈមមុខនឹងអ៊ីស្រាអែល។ លោកបានប្រកាសថា «អ៊ីស្រាអែលបានបង្កការគំរាមកំហែងដែលមានស្រាប់ហើយការតស៊ូជាសិទ្ធិរបស់ប្រទេសលីបង់»។
កិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលបានឈានដល់នៅថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ ភាគច្រើនបានផ្អាកក្នុងរយៈពេលមួយឆ្នាំនៃអរិភាពរវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែល រួមទាំងសង្រ្គាមក្នុងរយៈពេល ២ខែដែលបានឃើញការដាក់ពង្រាយកងទ័ពជើងគោករបស់អ៊ីស្រាអែល។
កិច្ចព្រមព្រៀងបានកំណត់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូង ប្រទេសលីបង់ក្នុងរយៈពេល ៦០ថ្ងៃ ទោះបីជាយ៉ាងណាក៏ដោយអ៊ីស្រាអែលបានរក្សាវត្តមាននៅក្នុងទីតាំងយុទ្ធសាស្ត្រចំនួន ៥នៅតាមព្រំដែន ដោយលើកឡើងពីការគំរាមកំហែងជាបន្តបន្ទាប់ពីក្រុមហេសបូឡាហ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





