មេដឹកនាំកំពូលវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam)បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី។
ដំណើរទស្សនកិច្ចដែលនឹងមានរយៈពេលពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីអានតូ (Prabowo Subianto) ហើយស្របនឹងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម។
លោក តូ ឡឹម បានចុះចតនៅអាកាសយានដ្ឋាន Halim Perdanakusuma ក្នុងទីក្រុងហ្សាកាតា នៅម៉ោងប្រហែល ១:១៥នាទីរសៀល ជាកន្លែងដែលលោកត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទឥណ្ឌូនេស៊ី លោក សាកទី វ៉ាហ៍យូ ត្រេងហ្គោណូ (Sakti Wahyu Trenggono) និងអភិបាលក្រុងហ្សាកាតា លោក ប្រាម៉ូណូ អានុង (Pramono Anung) ។
កាលពីថ្ងៃច័ន្ទ លោក តូ ឡឹម គ្រោងនឹងជួបជាមួយលោក ប្រាបូវូ ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលដែលអាចលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





