នាយករដ្ឋមន្ត្រីនូវែលសេឡង់៖ ការពង្រឹងទំនាក់ទំនងរវាងនូវែលសេឡង់ជាមួយឥណ្ឌា គឺជាអាទិភាពដ៏សំខាន់
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក គ្រីស្តូហ្វ័រ លូសុន (Christopher Luxon) បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាជាមួយនឹងគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់។
លោក លូសុន បាននិយាយថា ការពង្រឹងទំនាក់ទំនងរវាងឥណ្ឌា-នូវែលសេឡង់ គឺជាអាទិភាពដ៏សំខាន់សម្រាប់ពួកគេ។
លោកបាននិយាយថា «សប្តាហ៍ក្រោយ ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាជាមួយគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់។ ការពង្រឹងទំនាក់ទំនងរបស់ប្រទេសនូវែលសេឡង់ជាមួយប្រទេសឥណ្ឌា គឺជាអាទិភាពដ៏សំខាន់សម្រាប់រដ្ឋាភិបាលរបស់ខ្ញុំ»។
លោក លូសុន បាននិយាយថា លោកចង់បង្កើនឱកាសពាណិជ្ជកម្ម និងធុរកិច្ចនៃប្រទេសទាំងពីរ និងលើកកម្ពស់ប្រទេសនូវែលសេឡង់ជាគោលដៅវិនិយោគ។
លោកបាននិយាយថា «ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ នៅលើពិភពលោក ហើយខ្ញុំផ្តោតសំខាន់ទៅលើការបង្កើនឱកាសពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរព្រមទាំងលើកកម្ពស់ប្រទេសនូវែលសេឡង់ជាទិសដៅវិនិយោគ។ពាណិជ្ជកម្ម គឺជាផ្នែកសំខាន់នៃផែនការរបស់យើងក្នុងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដើម្បីកាត់បន្ថយថ្លៃចំណាយនៃការរស់នៅ និងបង្កើតការងារបន្ថែម និងប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាជននូវែលសេឡង់ទាំងអស់»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) លោក លូសុន នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លូសុន ទៅកាន់ប្រទេសឥណ្ឌាក្នុងនាមជានាយករដ្ឋមន្ត្រីនូវែលសេឡង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





