កូរ៉េខាងជើងជំរុញឱ្យជប៉ុនធ្វើការស៊ើបអង្កេត និងសុំទោសដល់ជនរងគ្រោះកូរ៉េ ដោយសារការទម្លាក់គ្រាប់បែកនៅទីក្រុងតូក្យូឆ្នាំ១៩៤៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើងបានស្នើឡើងកាលពីថ្ងៃចន្ទ ឱ្យប្រទេសជប៉ុនធ្វើការស៊ើបអង្កេត និងសុំទោសចំពោះជនរងគ្រោះកូរ៉េដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅទីក្រុងតូក្យូកាលពីក្នុងឆ្នាំ១៩៤៥ នៅជិតចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរដ្ឋកូរ៉េបានរាយការណ៍ថា ការទាមទារនេះបានមកពីសមាគមកូរ៉េខាងជើងនៃគ្រួសាររបស់ជនរងគ្រោះទាំងនោះដែលត្រូវបានកៀងគរឱ្យធ្វើការដោយបង្ខំដោយប្រទេសជប៉ុនក្នុងអំឡុងពេលនៃការគ្រប់គ្រងអាណានិគមរបស់ប្រទេសនេះពីឆ្នាំ១៩១០-១៩៤៥ទៅលើប្រទេសកូរ៉េ។
កងទ័ពអាកាសអាម៉េរិកបានធ្វើការទម្លាក់គ្រាប់បែកដ៏ធំមួយទៅលើទីក្រុងតូក្យូនៅយប់ថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ១៩៤៥ ដោយទម្លាក់គ្រាប់បែកធុនធ្ងន់រាប់រយគ្រាប់ពីលើយន្តហោះ។
ការវាយឆ្មក់តាមអាកាសដ៏បំផ្លិចបំផ្លាញដែលត្រូវបានគេស្គាល់ថាជាការទម្លាក់គ្រាប់បែកទីក្រុងតូក្យូនេះ បានដុតបំផ្លាញតំបន់ភាគច្រើននៃភាគខាងកើតទីក្រុងតូក្យូក្នុងការប៉ុនប៉ងបង្ខំឱ្យចុះចាញ់។
មនុស្សប្រហែល ១០០.០០០នាក់ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសតែមួយថ្ងៃនោះ ដោយប្រហែល ១០% ជឿថាជាជនជាតិកូរ៉េ។
ប្រទេសជប៉ុនកាន់ទុក្ខជនរងគ្រោះដោយការវាយឆ្មក់តាមអាកាសនេះជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែមីនា បើទោះបីជាជនរងគ្រោះដែលជាជនជាតិកូរ៉េទាំងនោះត្រូវបានគេរាយការណ៍ថាមិនបានទទួលសំណងអ្វីក៏ដោយ។នេះបើយោងតាមសារព័ត៌មានយ៉ុនហាប់ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





