អាជ្ញាធរហ្គាហ្សាបញ្ជាក់ពីការកាត់ផ្តាច់ចរន្តអគ្គិសនីដោយអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- អាជ្ញាធរនៅតំបន់ហ្គាហ្សាបានបញ្ជាក់កាលពីថ្ងៃចន្ទថា មានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ប៉ាឡេស្ទីនដោយភាគីអ៊ីស្រាអែល។
លោក ម៉ូហាំម៉ាដ ថាបេត (Mohammad Thabet) អ្នកនាំពាក្យក្រុមហ៊ុនចែកចាយអគ្គិសនីហ្គាហ្សា បានប្រាប់វិទ្យុអាល់-អាកសាដែលជាវិទ្យុក្នុងស្រុកថា «ការកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ជនជាតិអ៊ីស្រាអែលនេះ ជាការគំរាមកំហែងដល់សុខភាព និងបរិស្ថាននៅតំបន់ហ្គាហ្សា»។
លោកបាននិយាយថា ទីក្រុងតេលអាវីវ បានផ្គត់ផ្គង់ចរន្តអគ្គិសនីដល់តំបន់ហ្គាហ្សាតាមរយៈខ្សែថាមពលចំនួន០១ មុនពេលមានការផ្ទុះឡើងនៃសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល។
លោក ថាបេត បាននិយាយថា «ស្ទើរតែ ៧០% នៃបណ្តាញចែកចាយអគ្គិសនី និង ៩០% នៃឃ្លាំង និងហាងទំនិញនៅក្នុងតំបន់ហ្គាហ្សាត្រូវបានបំផ្លាញទាំងស្រុងដោយសារសង្រ្គាមអ៊ីស្រាអែល»។
អ្នកនាំពាក្យរូបនោះបាននិយាយថា ៨០% នៃយានយន្តរបស់ក្រុមហ៊ុនចែកចាយក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





