វិមានក្រឹមឡាំង៖ ដំណើរការស្តារទំនាក់ទំនងរុស្ស៊ី-សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងដំណាក់កាលផ្តួចផ្តើម
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ដំណើរការនៃការស្តារទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោននៅតែស្ថិតក្នុងដំណាក់កាលផ្តួចផ្តើមរបស់ខ្លួន ខណៈដែលទំនាក់ទំនងទ្វេភាគីបានចាប់ផ្តើមបន្ទាប់ពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីក្នុងខែមករា។
អ្នកនាំពាក្យ លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូថា «យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃផ្លូវដើម្បីស្តារទំនាក់ទំនងទ្វេភាគីរបស់យើងឡើងវិញ។ ផ្លូវឆ្ពោះទៅមុខគឺនៅវែងឆ្ងាយ និងពិបាកណាស់» ដោយលោកបាននិយាយបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំងពីរបានសម្តែង «ឆន្ទៈនយោបាយ» នៅក្នុងរឿងនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក ប៉េសកូវ បានបដិសេធចំពោះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយថា មន្ត្រីកំពូលរបស់រុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងសប្តាហ៍នេះ ដោយបានពណ៌នាថា នេះជាព័ត៌មានមិនពិត។
កាលពីថ្ងៃអាទិត្យ ទូរទស្សន៍ CNN បានរាយការណ៍ថា មន្ត្រីកំពូលមកពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងជួបប្រជុំដោយឡែកពីគ្នាមួយជាមួយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលកំពុងមានសង្រ្គាម។
អ្នកនាំពាក្យរូបនេះបាននិយាយថា មនុស្សគ្រប់រូប រួមទាំងសហរដ្ឋអាមេរិកផងដែរបានរំពឹងថា អ៊ុយក្រែននឹងបង្ហាញពីបំណងប្រាថ្នាចង់បង្កើតសន្តិភាព ហើយអ្វីដែលសំខាន់នៅទីនេះ គឺជាអ្វីដែលសហរដ្ឋអាមេរិករំពឹងទុក។
កាលពីខែមុន មន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ដែលជាកិច្ចចរចាកម្រិតខ្ពស់លើកដំបូងរបស់ពួកគេចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើមកាលពីក្នុងឆ្នាំ២០២២ ដើម្បីដាក់ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាសន្តិភាព និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើង។
បន្ទាប់មក ភាគីទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីធ្វើឱ្យមានដំណើរការធម្មតានៃស្ថានទូតរបស់ពួកគេវិញ។
ប្រទេសអារ៉ាប៊ីសាអូឌីតក៏កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនផងដែរនៅក្នុងសប្តាហ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





