ឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ចុះបោះរបាំងកាត់ព្រែកខ្សាច់កន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ឃុំផាត់សណ្ដាយ
AKP កំពង់ធំ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥--ឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំបឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្តាយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំង និងមន្ត្រីជំនាញព្រមទាំងគណៈកម្មការសហគមន៍នេសាទផាត់សណ្ដាយចុះបោះរបាំងកាត់ព្រែកខ្សាច់កន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រីជាច្រើនប្រភេទ។

ឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល បានបញ្ជាក់ទៀតថា នៅកន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ឃុំផាត់សណ្ដាយមានត្រីច្រើនប្រភេទដែលរស់នៅហើយត្រីសំបូរ រយៈពេល២ឆ្នាំចុងក្រោយនេះ។ ដើម្បីការពារត្រីឱ្យបានគង់វង្ស ក្រុមការងារទាំងអស់ក៏បានចុះបោះរបាំងកាត់ព្រែកខ្សាច់កុំឱ្យបងប្អូនប្រជាពលរដ្ឋបើកកាណូតកាត់បណ្ដាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រី។ប្រជានេសាទទាំងអស់ត្រូវតែយកចិត្តទុកដាក់ចូលរួមការពារថែរក្សាពូជត្រីនៅបឹងទន្លេសាបនេះឱ្យបានគង់វង្សដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទត្រីទឹកសាបបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ ឧត្តមសេនយ៍ត្រីស្នងការរងបានណែនាំប្រជានេសាទទាំងអស់មិនឱ្យនេសាទនៅក្នុងកន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ដោយប្រើឧបករណ៍នេសាទដើម្បីការពារមេពូជត្រី។ ពេលមានភ្លៀងធ្លាក់មេពូជត្រីទាំងអស់នោះបានទៅពងបង្កើតជាកូនជាច្រើននៅក្នុងបឹងទន្លេសាប៕


ដោយ ស៊ុម វណ្ណា





