ថៃស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការធ្លាក់ចុះតម្លៃអង្ករ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននាំចេញអង្ករកំពូលរបស់ពិភពលោក ដើម្បីស្វែងរកមធ្យោបាយដោះស្រាយការធ្លាក់ថ្លៃអង្ករ ចំពេលដែលមានការតវ៉ាយ៉ាងក្តៅគគុកពីសំណាក់កសិករក្នុងស្រុក ដែលអំពាវនាវឱ្យមានការគាំទ្របន្ថែមពីរដ្ឋាភិបាល។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពីឆ័យ ណារីបថាផា (Pichai Naripthapha)។
លោក ពីឆ័យ បានប្រាប់សភាថៃកាលពីពេលថ្មីៗនេះថា ប្រទេសថៃកំពុងពិភាក្សាជាមួយបណ្តាប្រទេសមួយចំនួនដែលរួមមានទាំងប្រទេសឥណ្ឌាផងដែរ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយលោកសង្ឃឹមថានឹងបង្កើតតុល្យភាពតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក និងជួយដល់កសិករឱ្យមានស្ថិរភាពនៃប្រាក់ចំណូល។
យោងតាមក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា តម្លៃអង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ៣០% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅជាមធ្យមប្រហែល ៨.៦០០បាត (២៦០ដុល្លារអាម៉េរិក) ក្នុងមួយតោនកាលពីខែមុន។ កសិករកំពុងអំពាវនាវឱ្យរដ្ឋាភិបាលជួយឱ្យអង្ករបានតម្លៃខ្ពស់ជាងមុន។
លោក ពីឆ័យ បាននិយាយថា ក្រសួងបានព្រាងសំណើដើម្បីគាំទ្រតម្លៃស្រូវដោយផ្តល់ឱ្យកសិករនូវប្រាក់បន្ថែមចំនួន ១.០០០បាតក្នុងមួយតោននៃស្រូវខុសរដូវ។ សំណើនេះនឹងត្រូវដាក់ទៅគណៈរដ្ឋមន្ត្រីនៅក្នុងសប្តាហ៍នេះ។
បច្ចុប្បន្ន ប្រទេសថៃគឺជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក ដោយបាននាំចេញអង្ករបានប្រមាណជិត ១០លានតោនក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញអង្កររបស់ខ្លួនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ៧,៥លានតោននៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោកបានបន្តការនាំចេញឡើងវិញ។
លោក ពីឆ័យ បានបង្ហើបថា រដ្ឋាភិបាលថៃកំពុងសម្លឹងមើលទៅលើដំណាំដ៏មានតម្លៃផ្សេងទៀត ដែលកសិករអាចដាំដុះបានយ៉ាងងាយស្រួល និងទទួលបានប្រាក់ចំណេញ រួមទាំងផ្លែចេក ដែលមានគុណសម្បត្តិផលិតភាពខ្ពស់ និងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារបរទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





