ហ្ស៊ីមបាវ៉េធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- លោក អាម៉ុន ម័រវីរ៉ា (Amon Murwira) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសសហ្ស៊ីមបាវ៉េ បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូថា ប្រទេសហ្ស៊ីមបាវ៉េកំពុងធ្វើគ្រប់យ៉ាងតាមមធ្យោបាយរបស់ខ្លួនដើម្បីចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ (BRICS)។
នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ ZBC លោកបានចង្អុលបង្ហាញថា ប្រទេសហ្ស៊ីមបាវ៉េកំពុងសម្លឹងឆ្ពោះទៅរកការចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ ក្នុងគោលបំណងស្វែងរកមធ្យោបាយដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។
លោក ម័រវីរ៉ា បាននិយាយថា «យោងតាមរដ្ឋធម្មនុញ្ញរបស់យើង យើងមិនត្រឹមតែជាសមាជិកនៃតំបន់ Pan-African ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជាមួយក្រុមប្រទេសរីកចម្រើនផ្សេងទៀតដែលល្អសម្រាប់កំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង និងសម្រាប់ការលើកកម្ពស់សន្តិភាពនៅក្នុងពិភពលោក ហើយជាធម្មតា សន្តិភាពត្រូវបានជំរុញតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច»។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសហ្ស៊ីមបាវ៉េអាចរៀនពីប្រទេសរុស្ស៊ីពីរបៀបស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងស្រុក។ អ្វីដែលយើងបានធ្វើជាមួយសហព័ន្ធរុស្ស៊ី និងប្រទេសជាច្រើនទៀតសម្រាប់បញ្ហានោះ គឺការបង្រួបបង្រួមគំនិតនៃការកើនឡើងនៃសមត្ថភាព។ ក្នុងនាមជាក្រសួង ការងាររបស់យើងគឺចូលរួមបរិយកាសក្នុងស្រុកនៅក្នុងប្រទេសហ្ស៊ីមបាវ៉េជាមួយបរិយាកាសបរទេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិស័យបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នេះជាវិធីតែមួយគត់ដែលយើងអាចជំរុញផលិតកម្ម ហើយជាមួយនឹងផលិតកម្មនេះ វាគឺជាពេលដែលពាណិជ្ជកម្មអាចមានការរីកចម្រើន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





