ប្រជាជនជាងពីរលាននាក់នៅតំបន់ហ្គាហ្សាគ្មានអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ាបានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបមានតម្រូវការចាំបាច់សម្រាប់អាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់។
យោងតាមការរាយការណ៍នោះ បានឱ្យដឹងថា មនុស្សចំនួន ២,៣លាននាក់ប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈសំខាន់ៗយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរអ៊ីស្រាអែលរារាំងដល់ការដឹកជញ្ជូនមនុស្សធម៌ទាំងអស់ទៅកាន់តំបន់នោះ។ ប្រេងឥន្ធនៈដែលត្រូវការសម្រាប់ប្រើប្រាស់ និងការផលិតថាមពលមិនត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សាទេនៅក្នុងអំឡុងពេលប្រាំពីរថ្ងៃចុងក្រោយនេះ។
ប៉ុស្តិ៍ទូរទស្សន៍នោះបាននិយាយថា ប្រជាជនៅតំបន់ហ្គាហ្សាមិនមានថវិកាដើម្បីជួសជុលផ្ទះ និងរៀបចំទីជម្រក និងស្វែងរកសម្ភារៈដែលកប់នៅក្នុងកំទេចកំទីបាក់បែកនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





