ទឹកជំនន់នៅឥណ្ឌូណេស៊ីបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- យោងតាមមន្ត្រីម្នាក់បានឱ្យដឹងថា គ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដីបានវាយប្រហារទីក្រុងស៊ូកាប៊ូមី នៅក្នុងខេត្តជ្វាខាងលិច របស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៧ ខែមីនាសប្តាហ៍មុន ដែលបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និង ៧នាក់ផ្សេងទៀតបាត់ខ្លួន។
លោក ហាឌី រ៉ាម៉ាត់ ហាដចាស់ស្មីតា (Hadi Rahmat Hardjassmita) អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងខេត្តជ្វាខាងលិច បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមកាលពីរសៀលថ្ងៃទី០៦ ខែមីនា និងបានបន្តកាន់តែខ្លាំងឡើង។
ការជម្លៀសប្រជាជនបានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃទី០៧ ខែមីនា។ គ្រោះទឹកជំនន់ភ្លាមៗបានបំផ្លាញស្ពានមួយ ហើយការរអិលបាក់ដីបានកប់ផ្លូវនៅក្នុងតំបន់ជាច្រើន។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសបានចេញការព្រមានអំពីស្ថានភាពអាកាសធាតុខ្លាំងនៅក្នុងខែនេះ ដោយរំពឹងថានឹងឡើងដល់កំពូលនៅចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា។
នៅពេលមុននេះ ក្រសួងសង្គមកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានដាក់ពង្រាយបុគ្គលិកដើម្បីសម្របសម្រួលជាមួយអាជ្ញាធរដើម្បីធានាបាននូវប្រតិបត្តិការជួយសង្គ្រោះប្រកបដោយសុវត្ថិភាព និងបម្រុងថវិកាចំនួន ៣ពាន់លានរូពៀ (ប្រហែល ១៨៣.៧០០ដុល្លារអាម៉េរិក) ជាជំនួយសម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





