ថៃ និងហុងកុង ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសថៃ និងទីក្រុងហុងកុង (ចិន) បានសន្យាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក តាវី សូដសុង (Tawee Sodsong) និងលេខាសន្តិសុខទីក្រុងហុងកុង លោក តាង ពីង-កឹង (Tang Ping-keung) និងគណៈប្រតិភូរបស់លោកក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងបាងកកកាលពីក្នុងសប្តាហ៍មុន។
លោក តាង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃចំពោះតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការសម្របសម្រួលជាមួយភាគីហុងកុងក្នុងការជួយសង្គ្រោះ និងធានាបាននូវការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃប្រជាជនហុងកុងចំនួន ៤៨នាក់ ដែលត្រូវបានល្បួងឱ្យទៅធ្វើការសម្រាប់មជ្ឈមណ្ឌលបោកប្រាស់តាមទូរស័ព្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយប្រទេសថៃបានស្នើឱ្យមានក្រុមការងាររួមគ្នារវាងថៃ-ហុងកុង ដើម្បីជួយសម្រួលដល់ការចែករំលែកព័ត៌មាន និងការតាមដានហិរញ្ញវត្ថុ ដើម្បីរុះរើបណ្តាញជួញដូរមនុស្ស។
ពួកគេក៏បានពិភាក្សាគ្នាអំពីការរៀបចំសិក្ខាសាលានាពេលខាងមុខ ដើម្បីបង្កើនយុទ្ធសាស្ត្រអនុវត្តច្បាប់ផងដែរ។
គណៈប្រតិភូហុងកុងបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃដើម្បីការពារជនរងគ្រោះ ទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម និងរក្សាកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃក្នុងនាមជាគោលដៅសុវត្ថិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





