ឥណ្ឌូណេស៊ីជំរុញភាពប្រកួតប្រជែងរបស់ឧស្សាហកម្មគ្រឿងសង្ហារឹម
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្ធូរបន្ថយបទប្បញ្ញត្តិដើម្បីគាំទ្រដល់កំណើនឧស្សាហកម្មគ្រឿងសង្ហារឹម ដោយជំរុញការប្រកួតប្រជែងរបស់ខ្លួន និងពង្រីកវិសាលភាពឧស្សាហកម្មជាសកល។ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីលោក ហ្វៃសូល រីហ្សា (Faisol Riza)។
លោកបាននិយាយថា ការបន្ធូរបន្ថយបទប្បញ្ញត្តិនេះ គឺជាវិធានការចម្បងមួយរបស់រដ្ឋាភិបាលក្នុងការជួយដល់ឧស្សាហកម្មគ្រឿងសង្ហារឹមក្នុងការទប់ទល់នឹងបញ្ហាប្រឈមជាសកល។
មន្ត្រីរូបនោះបាននិយាយបន្ថែមថា ការគាំទ្របទប្បញ្ញត្តិ គឺជាគន្លឹះសំខាន់សម្រាប់ជំរុញភាពរឹងមាំ និងការរីកចម្រើននៃឧស្សាហកម្មគ្រឿងសង្ហារឹម និងសិប្បកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
យោងតាមលោក រីហ្សា បានឱ្យដឹងថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នមិនអំណោយផលក៏ដោយ ក៏វិស័យឧស្សាហកម្មមិនមែនប្រេង និងឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ីនៅតែបន្តរីកចម្រើន និងនៅតែមានភាពរឹងមាំ ហើយថែមទាំងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទៀតផង។
ការចូលរួមចំណែកនៃវិស័យឧស្សាហកម្មផលិតកម្មដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៧,១៦% ជាមួយនឹងកំណើនប្រហែល ៤,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។
ចំនួនអ្នកធ្វើការនៅក្នុងឧស្សាហកម្មផលិតកម្មក៏បានកើនឡើងដល់ប្រហែល ១៩,៩៦លាននាក់ផងដែរ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាវិជ្ជមាននៅក្នុងវិស័យនេះ។
តម្លៃបន្ថែមផលិតកម្ម (MVA) របស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣ ត្រូវបានកត់ត្រាចំនួន ២៥៥ពាន់លានដុល្លារអាម៉េរិក ដោយទទួលបានចំណាត់ថ្នាក់ទី១២ នៅទូទាំងពិភពលោក។ MVA របស់វាគឺខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសនៅអាស៊ាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





