ឯកឧត្តម ប៉ែន វិបុល អញ្ជើញចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទ "ចរិយាធម៌ជាគុណតម្លៃនៃយុវជនសម័យឌីជីថល" លើកទី៦០
AKP កំពង់ធំ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក ខៀវ សុខនី នាយកវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ លោកគ្រូអ្នកគ្រូ និងនិស្សិតចំនួន៤៥០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទ "ចរិយាធម៌ ជាគុណតម្លៃនៃយុវជនសម័យឌីជីថល" លើកទី៦០ នៅវិទ្យាស្ថានក្រុងអង្គរ ស្ថិតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។

លោក ខៀវ សុខនី នាយកវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ បានលើកឡើងថា វិទ្យាស្ថានក្រុងអង្គរគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយស្ថិតនៅក្រោមអាណាព្យាបាលក្រសួងអប់រំ យុវជន និងកីឡាមានចំនួន២ទីតាំងនៅខេត្តកំពង់ធំជាទីតាំងគោល និងខេត្តព្រៃវែងជាសាខា។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានក្រុងអង្គរមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន១២៨នាក់ (នារី២១នាក់) និងនិស្សិតកំពុងសិក្សានៅវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំចំនួន១៧៤៣នាក់ (នារី១០១៧នាក់) និងសាខាវិទ្យាស្ថានក្រុងអង្គរខេត្តព្រៃវែងចំនួន១១៣៩នាក់ (នារី៥៤៦នាក់)។ សម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រមានមុខជំនាញ÷គ្រប់គ្រង ទីផ្សារ គណនេយ្យ គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ នីតិសាធារណៈនីតិឯកជន អភិវឌ្ឍសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ គណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ (IT) អក្សរសាស្ត្រខ្មែរ អង់គ្លេស គ្រប់គ្រងអប់រំ ហើយថ្នាក់អនុបណ្ឌិតមានមុខជំនាញ៖ គ្រប់គ្រងទូទៅ រដ្ឋបាលសាធារណៈ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា នីតិសាស្ត្រ។

ឯកឧត្តម ប៉ែន វិបុល បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនាចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនានៃក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរៀបចំដឹកនាំដោយក្រសួងធម្មការ និងសាសនាដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនា ផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ និងដោយមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន វិបុល បានផ្សព្វផ្សាយទូទាំងប្រទេសតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋ និងឯកជន។ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនានេះក៏មានគោលបំណងរួមចំណែកដល់ការអប់រំ រួមមាន៖ ១. ជួយអប់រំទូន្មានបណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។ ២. យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។ ៣. ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារនិងសង្គម។ ៤. សិស្សានុសិស្សចេះគោរពស្រឡាញ់ លោកគ្រូលោកគ្រូ អ្នកគ្រូ។ ៥. ចៀសផុតពីការសេពគ្រឿងញៀនគ្រឿងស្រវឹងនិងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ។ ៦. ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៧. ចៀសផុតពីក្មេងទំនើងក្នុងសង្គម និង៨. បង្ការគ្រោះថ្នាក់ចរាចរណ៍៕

ដោយ ស៊ុម វណ្ណា





