សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសមត្ថកិច្ចសម្រួលចរាចរណ៍ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយរថយន្តសង្គ្រោះបន្ទាន់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈសារជាសំណេរ អមដោយសំឡេង បង្ហោះតាមបណ្ដាញសង្គម នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ បានស្នើឱ្យសមត្ថកិច្ចសម្រួលចរាចរណ៍ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយរថយន្តសង្គ្រោះបន្ទាន់ ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺឱ្យបានទាន់ពេលវេលា។

សម្ដេចធិបតី បានអរគុណនិងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។ សម្ដេចធិបតី ក៏បានកោតសរសើរចំពោះឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំនិងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។
ទន្ទឹមនេះ សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា «ឯកឧត្តម ស ថេត ឯកឧត្តម ជួន ណារិន អញ្ចេះទាក់ទងការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ពេលដែលមានក្បួនVIPឆ្លងកាត់ ខ្ញុំធ្លាប់បានណែនាំជាច្រើនហើយ ធ្វើយ៉ាងណាដើម្បីកុំឱ្យប៉ះពាល់ខ្លាំងទៅដល់លំហូរនៃចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ បាទ នៅក្នុងករណីមានថ្នាក់ដឹកនាំឆ្លងកាត់ រួមទាំងរូបខ្ញុំផង ធ្វើយ៉ាងណាកាត់បន្ថយនៃពេលវេលានៅក្នុងការបិទផ្លូវហើយពេលខ្លះក៏មិនបាច់បិទផ្លូវទាំងអស់ដែរ ទុកច្រកឱ្យបងប្អូនដើរ បងប្អូនជិះធ្វើដំណើរបន្ត គាត់ក៏រវល់ដែរ ករណីមួយទៀតខ្ញុំសូមអញ្ចេះ ឱ្យពិនិត្យមើលរឿងឡានអំប្លង់ ឡានអំប្លង់ដែលបើកដឹកអ្នកជំងឺបន្ទាន់ពេលដែលមានបិទផ្លូវក៏សូមធ្វើម៉េចឱ្យអាទិភាពទៅគាត់ដើម្បីជួយសម្រួលដល់គាត់ឱ្យលឿន ព្រោះត្រូវការអ្នកដែលជំងឺធ្ងន់ ពិតណាស់ខាងសន្តិសុខយើង បារម្ភខ្លាចមានឡានអំប្លង់ក្លែងក្លាយអាចចង់ធ្វើសកម្មភាពអីមួយ ប៉ុន្តែយើងអាចឱ្យខាងត្រួតពិនិត្យរៀបចំច្រកណាមួយឱ្យគាត់ទៅមុខកុំឱ្យគាត់ឈប់ត្រូវការជួយជីវិតប្រជាពលរដ្ឋ ហើយបើក្បួនថ្នាក់ដឹកនាំមិនមកទេ មិនទាន់មកទេ អីទេគឺសម្រួលឱ្យគាត់ទៅមុនទៅ»។
ដោយខ្លួនសម្ដេចផ្ទាល់ ក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ សម្ដេចធិបតី យល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទីក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។
ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមការយោគយល់អំពីប្រជាពលរដ្ឋរបស់យើង ដែលទោះបីជាបងប្អូនសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ៕
ដោយ៖ គង់ សិរីរ័ត្ន





