ឯកឧត្តម ឌិត ទីណា ជួបកសិករបន្ទាយមានជ័យ លើកកម្ពស់សហគមន៍កសិកម្មទំនើប
AKP បន្ទាយមានជ័យថ្ងៃទី៩ខែមីនាឆ្នាំ២០២៥ -- ក្នុងគោលបំណងពង្រឹងសមត្ថភាពកសិករតាមរយៈការចងក្រងសហគមន៍កសិកម្មទំនើប ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយកសិករផលិតស្រូវនៅស្រុកព្រះនេត្រព្រះ និងភ្នំស្រុក កាលពីថ្ងៃទី៨ មីនា ២០២៥ដែល កិច្ចប្រជុំនេះដោយមានការចូលរួមពីប្រជាកសិករជាច្រើននាក់បានពិភាក្សាបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងបានស្រាយបំភ្លឺសំណួរចម្ងល់មួយចំនួន ដែលលើកឡើងដោយប្រជាកសិករក្នុងតំបន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្មទំនើបដែលផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្រ្តដាំដុះ ប្រព័ន្ធស្រោចស្រព កសិកម្មឆ្លើយតបទៅនឹងអាកាសធាតុ។ ការរួមបញ្ចូលធនធាន ដើម្បីបង្កើនផលិតភាព និងគ្រប់គ្រងតម្លៃដីធ្លី ការពង្រីកទីផ្សារ ។

ឯកឧត្តមបានមានប្រសាសន៍ថាការបង្កើតសហគមន៍នេះ គឺជាគន្លឹះឆ្ពោះទៅរកកសិកម្មដែលមានសុវត្ថិភាព និងអាចប្រកួតប្រជែងបាន។ យើងនឹងគាំទ្រកសិករតាមរយៈកម្មវិធីបណ្តុះបណ្តាល និងជំនួយធនធាន។ជាមួយនោះដែរតំណាងប្រជាកសិករ បានលើកឡើងពីបញ្ហាចំបងដើម្បីឱ្យជួយពួកគាត់នោះភាពងាយស្រួលនៃការទទួលបានប្រាក់កម្ចីដើម្បីជួសជុលឧបករណ៍ និងធនធានដីធ្លី តម្រូវការបណ្តុះបណ្តាល ស្តីពីបច្ចេកទេសដាំដុះប្រកបដោយនិរន្តរភាព។ ការការពារកសិករពីភាពមិនប្រក្រតីនៃតម្លៃស្រូវ នៅទីផ្សារ។ ជាការឆ្លើយតបឯកឧត្តម ឌិត ទីណា បានធានាថា ក្រសួងនឹង ពង្រីកគម្រោងធានាគ្រាប់ពូជ និងជី ដល់កសិករតាមរយៈសហគមន៍ ធ្វើសវនកម្មលើតម្លៃស្រូវ និងចរចាជាមួយក្រុមហ៊ុននាំចេញ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រចាំតំបន់ ដោយសហការជាមួយអង្គការអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ប្រជាកសិករទាំងអស់ឱ្យធ្វើការសិក្សាស្វែងយល់ឱ្យបានសុីជម្រៅអំពីលក្ខន្តិកៈនិងបទបញ្ញត្តិនៃសហគមន៍កសិកម្មទំនើប មុននឹងឈានដល់ការរួបរួមគ្នាធ្វើផលិតកម្មជាសហគមន៍ ដើម្បីធានាឱ្យបាននូវផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់កសិករគ្រប់រូប។ ជាការបញ្ចប់ កិច្ចពិភាក្សានេះជាចំណុចចាប់ផ្តើមសំខាន់ក្នុងការផ្លាស់ប្តូរទំនោរវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅរកគោលដៅធនធានមានស្ថេរភាព និងការលូតលាស់សម្បូរបែប៕
ដោយ ៖ ឈុនសារ៉ាត





