រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង
AKP ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ -- ក្នុងគោលបំណងពិនិត្យមើលស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងការប្រើប្រាស់ដើម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាពខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវខេត្តបាត់ដំបង ដោយឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាន បង្ហាញថាទុនពិសេសដែលបញ្ចេញដើម្បីរក្សាស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីការធ្វើស្តង់ដាមួយដែលបម្រើផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា និងនាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ពូជស្រូវក្រអូបមានច្រើនប្រភេទរួមមានសែនក្រអូប ចំប៉ីស៧០ ស្រង៉ែថ្មី ដែលរោងម៉ាស៊ីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកទាំងនេះដូចគ្នា សំដៅទទួលបានផលប្រយោជន៍រួមគ្នារវាងកសិករដាំដុះ និងរោងម៉ាស៊ីន និងបង្កើនភាពជឿជាក់ជាមួយគ្នា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រៀមកំណត់នូវតម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារដែលខ្លួនត្រូវការ ដើម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ឱ្យស្របទៅតាមការផ្គតផ្គង់ និងមានផែនការជាក់លាក់៕

ដោយ៖ ចាន់ សុភឿន , ប្រភព៖ ក្រសួងកសិកម្ម





