លោកអភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាលទ្ធភាព កែលម្អទីលានទុកដាក់សំរាមស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--កាលពីថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ និងមន្ទីរជំនាញ ចុះពិនិត្យ និងសិក្សាលទ្ធភាពកែលម្អទីលានទុកដាក់សំរាមដែលមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្តបានឱ្យដឹងថា ការចុះពិនិត្យ កែលម្អទីលានចាក់សំរាម នៅស្រុកស្ទឹងហាវធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងប្រមូលធាតុចូលផ្តល់យោបល់កែលម្អទៅលើការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ឧស្សាហកម្មរបស់រដ្ឋបាលស្រុក និងជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តស្មារតី នៃអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន និងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំ ជនឱ្យមាននិរន្តភាព។

ក្នុងឱកាសចុះពិនិត្យ លោកអភិបាលរងខេត្តក៏បានដឹកនាំកិច្ចប្រជុំ ព្រមទាំងបានណែនាំឱ្យរដ្ឋ បាលស្រុក មន្ទីរជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងនៃការទុកដាក់សំរាមក្នុងទីលានឆ្លើយតបនឹងស្ថានភាពជាក់ស្តែង កត្តាភូមិសាស្ត្រ ធនធាន ចីរភាព និងធ្វើយ៉ាងណាចៀសឱ្យខាងតែបាននូវផលប៉ះពាល់អវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋមូលដ្ឋាន៕


ដោយ ងូ សុមុនី




