រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រី គ្រប់រូប ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។


មានប្រសាសន៍នាឱកាសនោះកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លើកឡើងថា៖ ប្រធានបទ "សិទ្ធិ សមភាព និងភាព អង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប" ដែលជាប្រធានបទសកល និងស្របតាមបរិបទ កម្ពុជាដែលបានគូសបញ្ជាក់ និងរំលេចអំពីតម្លៃរបស់ស្ត្រី និងក្មេងស្រីកម្ពុជា សារៈសំខាន់នៃ ការទទួលបាន និងការអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី ពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយសមធម៌និងបរិយាបន្ន។ នៅពេលដែលស្ត្រី និងក្មេងស្រីមានសិទ្ធិពេញលេញ និងមានភាពអង់អាច ស្ត្រីនឹងមានលទ្ធភាព ចូលរួមយ៉ាងសកម្មក្នុងកិច្ចការគ្រួសារ និងសង្គមជាតិ ព្រមទាំងមានសិទ្ធិក្នុងការសម្រេចចិត្តលើជោគវាសនា និងអនាគតខ្លួនឯង ជាពិសេសសិទ្ធិក្នុងការទទួលបាននូវចំណេះដឹង ជំនាញវិជ្ជាជីវៈថ្មីៗឆ្លើយតបទៅនឹងឱកាសការងារ និងការប្រកបការងារទៅតាមការវិវឌ្ឍនៃ សង្គមឌីជីថល។ ការផ្តល់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីឲ្យបានចូលរួមពេញលេញមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រប៉ុណ្ណោះទេ ថែមទាំងផ្តល់សក្តានុពលរបស់ស្ត្រី និងក្មេងស្រី ដើម្បីចូលរួមចំណែកក្នុងការកសាងភាពធន់ សុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងចីរភាព។ ការផ្តល់ភាពអង់អាចដល់ស្ត្រី បានរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់ សមភាពយេនឌ័របានជួយកាត់បន្ថយអំពើហិង្សា ការជំរុញវប្បធម៌នៃការគោរព និងសមភាពដែលគាំទ្រដល់វឌ្ឍនភាពសង្គម។


ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ សំដៅសម្រេចឲ្យបាន នូវសមភាពយេនឌ័រ និងកិច្ចអភិវឌ្ឍក្នុងខេត្តកណ្តាល រួមចំណែកក្នុងការប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕.


ដោយ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





