ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញផ្ទេរតំណែងប្រធានគណ:កម្មាធិការ គណបក្សស្រុកកំពង់សិលា ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណ:កម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិ ការគណបក្សខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត អនុប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះសីហនុ អញ្ជើញផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សីលា នារសៀលថ្ងៃសុក្រទី៧ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិ ការគណបក្សស្រុកកំពង់សិលា បានខិតខំរួមសាមគ្គីគ្នាជាធ្លុងមួយសម្រេចបាននូវសមិទ្ធផលនានា ព្រមទាំងបានចូលរួមលើកកម្ពស់ជីវភាពប្រជាជន ស្របតាមការរីក ចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តម ប្រធានគណបក្សខេត្ត បានអបអរសាទរចំពោះលោក ឆាយ សុគន្ធដា ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សីលា តាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលលេខ ១២៤១/១០២៤/សស.គក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីរួមគ្នាបន្តនិរន្តរភាពដឹកនាំគណៈកម្មាធិ ការគណបក្សស្រុកកំពង់សីលា សំដៅឈានទៅសម្រេចបានជោគជ័យធំៗថ្មីៗបន្ថែម។

ឯកឧត្តម ប្រធានគណបក្សខេត្ត បានធ្វើការណែនាំដល់ប្រធានគណបក្សស្រុកកំពង់សិលាថ្មីដូចខាងក្រោម៖
១.តូ្រវដឹកនាំគណបក្សស្រុក ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ តាមសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យទួលបានជោគជ័យ។
២.ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សសំដៅពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សឱ្យកាន់តែរឹងមាំដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខ។
៣.ត្រូវខិតខំជំរុញ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ ព្រមទាំងយកចិត្តទុក ដាក់ក្នុងការបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សនាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើកកម្ពស់សមត្ថភាពប្រកបដោយគុណធម៌ អត្តចរិក និងសីលធម៌ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។
៤.ត្រូវខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ក្នុងការលើកកម្ពស់ការគ្រប់គ្រងផ្តល់សេវាសាធារណៈ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពសង្គម ឆ្លើយតបទៅនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ។ ជាពិសេសប្ដេជ្ញាអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពី«ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមទិសស្លោក «រួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រឿងញៀន» ។
៥.ត្រូវខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ពង្រឹងទំនាក់ទំនងល្អជាមួយបណ្តាអង្គការសង្គមស៊ីវិល តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹងសន្តិភាព កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែលជាមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
៦.ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ជាយន្តការសម្របសម្រួលរបៀបរបបធ្វើការរវាងរៀមច្បង ពង្រឹងយុវជនជាមួយគណៈកម្មាធិការគណបក្សស្រុក ឃុំ និងមហាជន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
៧.ត្រូវបន្តពង្រឹងការគ្រប់គ្រងសមាជិកថ្មីពីយុវជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ តាមគោលការណ៍ ‘‘ពង្រឹងចាស់ កសាងថ្មី’’ សមាជិកម្នាក់ៗជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក។ ព្រមទាំងជំរុញការកសាងសមាជិកគណបក្សជាកម្មករនៅតាមរោងចក្រ សហគ្រាស និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៨.ត្រូវខិតខំសុំការគាំទ្រផង សហការផង សម្របសម្រួលផង ពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីជាកម្លំាងសរុប ធនធានសរុបដោះស្រាយសំណូមពរចាំបាច់របស់ប្រជាជនក្នុងស្រុកកំពង់សីលា ៕
ដោយ៖ ងូ សុមុនី





