បទយកការណ៍៖ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នជាតិ បន្តការពារ និងលើកកម្ពស់តម្លៃស្ត្រី សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥--
ជារៀងរាល់ឆ្នាំគ្រប់ស្ថាប័នរបស់រដ្ឋ រួមទាំងស្ថាប័នឯកជននានាផងនោះ តែងតែរៀបចំកម្មវិធីអបអរសាទខួបអនុស្សាវរីយ៍ទិវាអន្តរជាតិ នារី ៨មីនា ដោយក្រសួង ស្ថាប័នខ្លះបានផ្ដល់ការលើកទឹកចិត្ដចំពោះមន្រ្ដីរាជការ ឬបុគ្គលិកជាស្រ្ដីដោយមានជាគ្រឿងឧបភោគ បរិភោគ វត្ថុអនុស្សាវរីយ៍ រួមទាំងថវិកាផង ហើយខ្លះទៀតក៏បានរៀបចំដំណើរកម្សាន្ដតាមរាជធានី ខេត្ដ ដើម្បីរួមចំណែកលើកកម្ពស់ការគោរពសិទ្ធិ និងបង្កើតនូវសេចក្ដីសប្បាយរីករាយជាមួយស្រ្ដីក្នុងឱកាសដ៏មានសារៈសំខាន់នេះផងដែរ។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប” ដែលគ្រប់ក្រសួង ស្ថាប័នរបស់ជាតិបានរៀបចំកម្មវិធីអបអរសាទរប្រកបដោយភាពកក់ក្ដៅ និងសេចក្ដីសប្បាយរីករាយជូនដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកជាស្រ្ដី ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ តម្លៃស្រ្ដី និងសមភាពយេនឌ័រ នៅកម្ពុជា។

ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប” កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ក្នុងឱកាសនោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងពីលទ្ធផលជាច្រើនដែលរដ្ឋសភានិងរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា ហើយបានថ្លែងនូវអំណរគុណនិងការដឹងគុណជូន សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាព និងជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបានស្វែងរកសន្តិភាពជូនពលរដ្ឋ។ សម្ដេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចមហារដ្ឋសភាធិបតីបានថ្លែងបញ្ជាក់ថា៖ «តួនាទី និងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ ហើយសង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាព និងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ»។

សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ទៀតថា ចាប់តំាងពីថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្តេចនៅជានាយករដ្ឋមន្រ្តី។ សម្តេចតេជោ តែងតែមានប្រសាសន៍ថា៖ «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងថា ជួយស្រ្តីដូចជួយខ្លួនឯង»។ ចំណែករាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានមានប្រសាសន៍ផងដែរថា៖ «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។
ក្នុងឱកាសទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាស្រ្ដី និងស្រ្ដីជាភរិយារបស់ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័នជាតិដោយបានថ្លែងនូវការអបអរសាទរពោរពេញទៅដោយមនោសញ្ចេតនាសោមនស្សរីករាយ និងសូមជូនពរប្រកបដោយកម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងមានជន្មាយុយឺនយូរ។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានថ្លែងបញ្ជាក់ថា៖ «នាទិវានេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជាថ្នាក់ដឹកនាំស្រ្ដីដ៏ឆ្នើមមួយរូប ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ដ ប្រកបដោយគតិបណ្ឌិត ឆន្ទៈមោះមុត និងមាននវានុវត្ដន៍ខ្ពស់ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ពិនិត្យ និងអនុម័តច្បាប់ ការពង្រឹងនីតិរដ្ឋ និងសមត្ថភាពស្ថាប័ន ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារទូតសភា សំដៅលើកកម្ពសកិត្យានុភាពជាតិនៅលើឆាកតំបន់ និងអន្ដរជាតិ។ ម្យ៉ាងទៀត សម្ដេចតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិ តម្លៃ និងតួនាទីរបស់ស្ដ្រីនៅក្នុងស្ថាប័ននីតិបញ្ញាត្ដិ និងសង្គមក្នុងការរួមចំណែករក្សាបាននូវសុខ សន្ដិភាពដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានក្នុងការគាំទ្រសិទ្ធិ និងតួនាទីរបស់ស្រ្ដី។»
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានមានប្រសាសន៍គូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញនិងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល នឹងពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តី គឺជាស្នូល។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទំាងមូល ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្រ្តី ហើយចូលរួមចំណែកយ៉ាងសកម្ម ក្នុងការតាមដានការអនុវត្ត ព្រមទាំងការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីច្បាប់ និងសិទ្ធិរបស់ខ្លួន ដែលនេះជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងនីតិរដ្ឋ និងពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់ល្អ ចំណេះដឹងខ្ពស់ និងមានសីលធម៌។
លោកជំទាវកិត្តិបណ្ឌិតបានបន្ថែមថា៖ «ការបន្តគាំទ្ររបស់រដ្ឋសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយ លើកកម្ពស់ សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព»។
ពាក់ព័ន្ធនឹងទិវាអន្ដរជាតិនារី ៨មីនានេះដែរ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការរៀបចំទិវាអន្តរជាតិដែលរដ្ឋសភាបានប្រារព្ធធ្វើនៅពេលនេះ ជាឱកាសដ៏ប្រសើរ ក្នុងការអបអរសាទរ នូវសមិទ្ធផលសំខាន់ៗនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ដោយមានក្រសួងកិច្ចការនារីជាសេនាធិការ និងការរួមវិភាគទានដ៏មានតម្លៃរបស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ឯកឧត្ដមបណ្ឌិតបានបន្ដថា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ប្រាកដនិយម រយៈពេលជាច្រើនទសវត្សរ៍ ដោយមានច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត យន្តការដឹកនាំនិងសម្របសម្រួល និងយុទ្ធនាការ ដូចភ្លៀងរលឹម បានធ្វើឱ្យមានការទទួលស្គាល់គ្រប់វណ្ណៈសង្គម ពីសិទ្ធិ សមភាព និងតួនាទីដ៏សំខាន់របស់ស្រ្តី ក្នុងការដឹកនាំ ធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការចូលរួមក្នុងឆាកនយោបាយ វិស័យឯកជន និងតួនាទី ក្នុងសង្គម និងគ្រួសារ។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការស្តីទីរដ្ឋសភាបានលើកឡើងថា ការចូលរួមរបស់សម្តេចរដ្ឋសភាធិបតីប្រធានរដ្ឋសភានាពេលនេះ សរបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈមោះមុត ក្តីស្រលាញ់ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះការផ្តល់សិទ្ធិ ការលើកកម្ពស់យេនឌ័រ ការផ្តល់ភាពអង់អាច និងការគាំពារដល់ស្រ្តី និងកុមារី គ្រប់រូប ទាំងនៅលើឆាកអន្តរជាតិ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្ដមបណ្ឌិតបន្ដទៀតថា អស់ពេលជាច្រើនទសវត្សរ៍កន្លងមកនេះ សម្តេចប្រធានរដ្ឋសភា បានលះបង់ទាំងកម្លាំងកាយចិត្តមិនរាថយ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ តាមរយៈការជំរុញការអនុម័តច្បាប់ និងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនានា លើការលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ជាដើម រួមនឹងការតស៊ូមតិ កិច្ចសន្ទនា និងការដឹកនាំយុទ្ធនានានា ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងតួនាទីដឹកនាំ និងឆាកនយោបាយ ជាដើម។
ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ដែលបានប្រារព្ធធ្វើនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាបញ្ចកោណ ដំណាក់ទី១ ដែលមានរបៀបវារៈជាគោលនយោបាយសង្គម-សេដ្ឋកិច្ច ជាពិសេសឯឧលើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តាមផែនការជាយុទ្ធសាស្រ្ត ជាប្រយោជន៍ក្នុងការបង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែលមាន វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវសមត្ថភាពរបស់មន្រ្តីដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។

ឯកឧត្តមអភិសន្ដិបណ្ដិត ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បើទោះបីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួងមានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាសដល់ស្ដ្រី បន្ថែមទៀតក្នុងវិស័យស៊ីវិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលើកទឹកចិត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានគូសបញ្ជាក់បន្ថែមដែរថា៖ «ខ្ញុំក៏លើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តីដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»។
ដោយលើកឡើងពីការចូលរួម និងលះបង់គ្រប់បែបយ៉ាងរបស់ស្រ្ដីនៅក្នុងក្រសួងព័ត៌មាននោះ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មាន ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ហើយដំណើរការជោគជ័យរបស់ក្រសួងព័ត៌មាន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់មន្ត្រីរាជការជាស្ត្រីនោះទេ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភារាអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្ដម នេត្រ ភក្រ្ដា មានប្រសាសន៍ថា នៅក្នុងសង្គមកម្ពុជា តួនាទីរបស់ស្ត្រី ពិតជាមានសារៈសំខាន់ ហើយសម្រាប់ក្រុមគ្រួសារវិញ ប្រសិនបើគ្មានភរិយានៅចាំជួយបង្កឱកាសឱ្យប្តីធ្វើកិច្ចការងារ ឬមិនជួយទ្រនូវការងារជាច្រើននៅក្នុងផ្ទះនោះទេ ប្រហែលប្តីមិនមានឱកាសចេញបំពេញការងារដោយមានសេរីភាពនោះទេ។ ដូច្នេះ បើទោះបីនៅក្នុងសង្គម និងគ្រួសារ ស្ត្រីគឺមិនអាចកាត់ផ្តាច់បាននោះទេ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ដំណើរការជោគជ័យរបស់ក្រសួង ស្ថាប័ននានា ដោយទទួលបានការកោតសរសើរ ក៏មិនអាចកាត់ផ្តាច់បានពីតួនាទីរបស់ស្ត្រីជាមន្ត្រីរាជការ ដែលបានចូលរួមចំណែកបំពេញកិច្ចការងារប្រចាំថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា៖ «មន្ត្រីរាជការជានារីកំពុងតែដើរតួនាទីយ៉ាងសំខាន់ ធ្វើឱ្យដំណើរការរបស់ក្រសួងព័ត៌មាន ដំណើរការទៅមុខដោយរលូន មានកិច្ចការងារមួយចំនួនដឹកនាំដោយស្ត្រីបានធ្វើឱ្យការងារទាំងនោះទទួលបានជោគជ័យ ។ អ៊ីចឹងដំណើរការជោគជ័យរបស់យើងនៅក្នុងក្របខ័ណ្ឌក្រសួងដែលយើងបំពេញការងារល្អ ទទួលបាននូវការកោតសរសើរ ក៏អត់កាត់ផ្តាច់បានពីតួនាទីរបស់មន្ត្រីរាជការជាស្ត្រីក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងយើងដែរ»។

ចំណែក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានជួបសំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ ARDB ដោយគូសបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់ស្រ្តី និងឱកាសរបស់ស្រ្តី ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការទទួលស្គាល់តម្លៃស្រ្តីជាលក្ខណៈអន្តរជាតិផងដែរ។ ឯកឧត្តមបណ្ឌិតបានលើកឡើងផងដែរថា បច្បន្ននេះ តួនាទីស្រ្តីមិនត្រឹមតែត្រូវបានលើកតម្កើងប៉ុណ្ណោះទេ ពោលនៅកម្ពុជា តម្លៃស្រ្តី និងសិទ្ធិ មានឱកាសមិនចាញ់បុរសនោះដែរ ទាំងតួនាទីនៅក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលស្រ្តីមានគុណតម្លៃ និងសិទ្ធិអាចដឹកនាំ និងគ្រប់គ្រងការងារមិនចាញ់បុរសនោះដែរ។
សម្រាប់ការប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» គឺក្នុងអត្ថន័យបានបញ្ជាក់ថា ស្រ្តី គឺជាឧត្តមភរិយាដ៏ឆ្នើមប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ យ៉ាងខ្ជាប់ខ្ជួន តែងតែយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបរិច្ចាគទ្រព្យសម្បត្តិ ដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរសធម៌ ដើម្បីកសាងសង្គម ជាតិឱ្យកាន់តែរីកចម្រើន និងរុងរឿងបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារីបានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានស្រ្ដីជាប្រធានរដ្ឋសភា សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន ស្រ្ដីជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្រ្ដីជាអគ្កសវនករជាតិ និងស្រ្ដីជាអភិបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។ នៅក្នុងរដ្ឋបាលសាធារណៈ ស្រ្ដីដែលមានតួនាទីក្នុងថ្នាក់ធ្វើសេចក្ដីសម្រេចចិត្ដ(ចាប់ពីអនុប្រធានការិយាល័យរហូតដល់អគ្គនាយក) មានចំនួន ២៧ភាគរយ និងស្រ្ដីជាមន្រ្ដីរាជការ មានចំនួន ៤២ភាគរយ៕
ដោយ៖ ប៊ុនរិទ្ធ និង រិទ្ធី





