អង្គការ Fauna & Flora និងមន្ទីរបរិស្ថានខេត្តរតនគិរី រៀបចំសិក្ខាសាលា ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យអនុផលព្រៃឈើ នៅឧទ្យានជាតិវីរៈជ័យ
AKP ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥--
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាប៊ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យអនុផលព្រៃឈើ និងការធ្វើផែនការអភិវឌ្ឍន៍ជីវភាពសហគមន៍ នៅក្នុងឧទ្យានជាតិវីរៈជ័យ ស្រុកវឺនសៃ និងស្រុកតាវែង ក្នុងខេត្តរតនគិរី និងស្រុកសៀមបាង ក្នុងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអភិបាលស្រុក មន្ត្រីឧទ្យានុរក្ស ប្រធានឃុំ មេភូមិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងតំណាងសមាជិកសហគមន៍តំបន់ការពារធម្មជាតិផងដែរ។

មន្ត្រីអង្គការ Fauna & Flora បានឱ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ថា គោលបំណងសិក្ខាសាលា នេះគឺដើម្បីធ្វើការបញ្ជាក់លើអនុផលព្រៃឈើ (NTFPs) និងផ្លែសំរ៉ង ជាអនុផលព្រៃឈើសំខាន់ សម្រាប់ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃ ការកំណត់ផែនទីតំបន់ប្រមូលអនុផលព្រៃឈើ និងវាយតម្លៃលើរចនាសម្ព័ន្ធប្រមូលផល ការពិភាក្សាពីលទ្ធផលការវិភាគទីផ្សារ និងយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារនៃផលិតផលសំរ៉ង ការបង្កើនសហការរវាងអាជ្ញាធរមូលដ្ឋាន គណៈកម្មការនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ (CPA) និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត និងការបង្កើតផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងអនុផលព្រៃឈើដោយនិរន្តរភាព និងការចងសម្ព័ន្ធទីផ្សារ។

សិក្ខាសាលានេះត្រូវបានគាំទ្រថវិកាដោយ គម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) តាមរយៈក្រសួងបរិស្ថាន ចំណីអាហារ និងកិច្ចការជនបទ នៃរដ្ឋាភិបាលចក្រភពអង់គ្លេស ៕

ដោយ៖ ណយ នឿន ,ប្រភព៖Fauna & Flora





