ឧត្តមសេនីយ៍ត្រី អ៊ុ សុភា ជួបសំណេះសំណាលជាមួយយោធិននារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា
AKP ភ្នំពេញ ថ្ងៃទី៧ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃសុក្រ ទី០៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិននារីរបស់អង្គភាព ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និង ក្មេងស្រីគ្រប់រូប ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកមេបញ្ជាការ ផ្នែកសឹករង ក្រុង/ស្រុក ពាក់ព័ន្ធ លោកនាយ នាយរង ការិយាល័យ ផ្នែកចំណុះទីបញ្ជាការ មួយចំនួន ។
លោកស្រី អនុសេនីយ៍ឯក គង់ សុវត្តី ប្រធានក្រុមការងារយេនឌ័រ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងអានព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ២០២៥ ។តាងនាមឱ្យយោធិននារីរបស់អង្គភាព លោកស្រីអនុសេនីយ៍ឯក សូមប្តេជ្ញាខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អ៊ុ សុភា បានមានប្រសាសន៍រំលឹកអំពីការកើតឡើងនៃទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានជិះជាន់កម្លាំងពលកម្មហួសប្រមាណចន្លោះពី១២ ទៅ១៦ម៉ោង ក្នុង១ថ្ងៃ ដោយទទួលបានថ្លៃឈ្នួលទាប បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី ។ ប្រទេសជាច្រើននៅលើសកលលោក បច្ចុប្បន្ននេះ មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលជាស្រ្តី ដោយឡែកនៅប្រទេសកម្ពុជាយើង ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាល អភិបាលរង រាជធានីខេត្ត មេឃុំ ចៅសង្កាត់ ជាស្រ្តីផងដែរ ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាស្រ្តី ជាមាតាពិភពលោក មានសមត្ថភាពមិនចាញ់បុរស មិនដូចពាក្យបុរាណពោលថា "ស្ត្រីបង្វិលចង្ក្រានមិនជុំ" នោះទេ ។ ក្រុមការងារយេនឌ័រ និងយោធិននារីរបស់អង្គភាព ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាត បានយ៉ាងល្អប្រសើរ ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម មេបញ្ជាការ បាននាំយកអង្ករចំនួន ២៥០គីឡូក្រាម មី១០កេះ ត្រីខ១០យួរ ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ សារ៉ុង១០ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់យោធិននារីទាំងអស់ ៕
ដោយ ណយ នឿន,ប្រភព៖កងទ័ពជើងគោក





